ស្រ្តីសកម្មជនអតីត CNRP ដែលជេរប្រមាថសម្តេចតេជោ នៅលើបណ្តាញសង្គម Facebook ត្រូវតុលាការសម្រេចដាក់ពន្ធនាគារ១ឆ្នាំ
11-01-2018 15:13
(ភ្នំពេញ)៖ ស្ត្រីម្នាក់ជាសកម្មជន អតីតគណបក្សសង្គ្រោះជាតិ ដែលបានជេរប្រមាថដល់សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ តាមបណ្តាញសង្គម Facebook ថាជាឃាតកសម្លាប់បណ្ឌិត កែម ឡីនោះ ត្រូវបាន លោក អ៊ី ថាវរៈ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារមួយឆ្នាំ និង ពិន័យជាប្រាក់១មួយលានរៀល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ។
ស្ត្រីជាប់ចោទនោះមានឈ្មោះ ហ៊ិន វ៉ាន់ស្រីពៅ ហៅ ហេង លក្ខិណា អាយុ៣៧ឆ្នាំ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ស្ត្រីរូបនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅបេនឡានរិទ្ធិមុនី បន្ទាប់ពីរូបនាងបានបង្ហោះវីដេអូតាមគណនីហ្វេសប៊ុកឈ្មោះ ហេង លក្ខិណា កាលពីថ្ងៃទី៩ ខែកក្កដា ដោយចោទសម្តេច ហ៊ុន សែន និងក្រុមគ្រួសារថា សុទ្ធតែជាឃាតក ក្នុងអំឡុងពេលនាង កំពុងស្ថិតក្នុងពិធីបុណ្យរំលឹកខួបមួយឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដែលរៀបចំឡើងនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ៕