(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយស នៃអនុកម្មាការមនុស្សរាជធានីភ្នំពេញ បានចាត់ទុកថា មនុស្សចាស់មានគុណបំណាច់ធំធេង មិនអាចកាត់ថ្លៃបានទេ ដោយ ដៃម្ខាងពួកគាត់ការពាររបប ប៉ុល ពត កុំឲ្យវិលត្រឡប់មកវិញ និងដៃម្ខាងទៀតអភិវឌ្ឍប្រទេស។
លោក ឃួង ស្រេង បានថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយសមាជិកសមាគមមនុស្សចាស់ រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី១០ មករា ឆ្នាំ២០១៨នេះ។
លោកបន្តថា «ពីមុនមនុស្សចាស់មិនត្រូវបានគេយកចិត្តទុកដាក់ទេ តែពេលនេះមនុស្សចាស់ត្រូវបានគេយកចិត្តទុកដាក់ ដោយយើងបានបង្កើតឲ្យមានសមាគមនមនុស្សចាស់ នៅរាជធានីភ្នំពេញ ដើម្បីជួយគ្នានៅតាមបណ្តាលសង្កាត់ខណ្ឌ នៅរាជធានីភ្នំពេញដោយបានបង្កើតឡើងតាំង២០១០មកម្ល៉េះ ធ្វើឲ្យមនុស្សចាស់មានភាពកក់ក្តៅនៃជីវីតចុងក្រោយ។ លោក អុំ ពូ មីង មានគុណបំណាច់ធំធេងណាស់ មិនអាចកាត់ថ្លៃបានទេ ហើយការការបង្កើតឲ្យមានពិធីនេះឡើង គឺដើម្បីជាការរំលឹកគុណចំពោះវីរភាពរបស់មនុស្សចាស់ ដោយគាត់បានយកដៃម្ខាង ការពាររបប ប៉ុល ពត កុំឲ្យវិមកវិញ និងដៃម្ខាងទៀតអភិវឌ្ឍប្រទេសឲ្យមានការរីកចំរើន រហូតមកដល់សព្វថ្ងៃនេះ»។
លោកបន្តទៀតថា «ប្រទេសគេមានសន្តិភាព២០០ឆ្នាំហើយ ទើបរដ្ឋរបស់គេចិញ្ចឹមមនុស្សចាស់ តែប្រទេសយើងអាចខុសពីគេ ដោយសារប្រទេសជាតិទើបងើបពីសង្គ្រាម ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងក៏បានបង្កើតឲ្យមានប្រាក់សោធននិវត្ត និងបង្កើតអោយមានសមាគមនមនុស្សចាស់ដើម្បីលើកទឹកចិត្ត បង្ហាញពីការថែទាំពួកគាត់ដែរ»។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានសំណូមពរឲ្យលោកអុំ ពូ មីង ជាមនុស្សចាស់ចូលរួមអប់រំកូនចៅ អោយគោរពច្បាប់ចរាចរទាំងគ្នា ដោយសារតែការគ្រោះថ្នាក់នេះ បានសម្លាប់មនុស្សសាហាវជាងជម្ងឺអេដស៏ថែមទៀត។ បើជួយលើបញ្ហានេះបានមានន័យថា អុំ ពូ មីង បានជួយក្នុងគ្រួសារ និងបានជួយដល់រាជរដ្ឋាភិបាល និងសង្គមជាតិថែមទៀត។
លោកស្នើដល់មន្ទីរ សង្គមស៊ីវិល ក្រុមហ៊ុនបន្តយកចិត្តទុកដាក់ជាមួយមនុស្សចាស់ ដោយពួកគាត់មានគុណបំណាច់ចំពោះជាតិមាតុភូមិ។ លោកស្រីមុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានឲ្យដឹងថា សង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ សហការជាមួយខណ្ឌទាំង១២ បានបង្កើត និងគ្រប់គ្រង សមាគមនមនុស្សចាស់ ដែលមានសមាជិក សមាជិកាសរុបចំនួន១៩៩៨០នាក់។
សមាគមនមនុស្សចាស់ដែលបានបង្កើតហើយ បានធ្វើសកម្មភាពយ៉ាងច្រើន ចូលទៅក្នុងសង្គម ដោយបានបង្ករលក្ខណៈឲ្យបានជួបជុំពិភាក្សា ប្តូរយោបល់ ចែករំលែកព័ត៌មានអំពីស្ថានភាពផ្ទាល់ខ្លួននិងសង្គម ការបង្កលក្ខណៈចុះសួរសុខទុក្ខមនុស្សចាស់ដូចគ្នា សួរសុខទុក្ខចាស់ជរាមានជម្ងឺនិងទុក្ខលំបាកផ្សេងៗ ចូលរួមសាមគ្គី ពិធីបុណ្យសាសនានិងការចូលចែករំលែកទុក្ខដល់សមាជិកទទួលមរណៈភាព។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេងក៏បាននាំយកអំណោយរបស់សម្តេចតេជោហ៊ុន ដែនជូនមនុស្សជាង៥០០នាក់នេះ ដោយក្នុងម្នាក់ទទួលបានថវិកាចំនូន៥ម៉ឺនរៀល ៕