(ស្ទឹងត្រែង)៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានលេខាធិការដ្ឋានយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តផែនការភូមិស គ្មានគ្រឿងញៀន និងពិធីប្រគល់ទទួលសម្ភារ សម្រាប់ការិយាល័យទំនាក់ទំនងព្រំដែន BLO និងភូមិស ដែលបានអនុវត្តនៅខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ស្រុកថាឡាបរិវ៉ាត់ ក្រុងស្ទឹងត្រែង ឃុំព្រះរំកិល សង្កាត់សាមគ្គី អ្នកពាក់ព័ន្ធភូមិលើ ភូមិខាំផាន់ និងប្រតិភូភាគីថៃ ។
លោក យង់ សុវឌ្ឍនា អភិបាលរង និងជាប្រធានលេខាធិកាដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង បានថ្លែងថា ខេត្តស្ទឹងត្រែងមិនមែនជាខេត្តផលិត ដាំដុះគ្រឿងញៀនទេ តែជាខេត្តរងគ្រោះពីការលាក់លួចឆ្លងកាត់ និងប្រើប្រាស់គ្រឿងញៀន ដែលសមត្ថកិច្ចខិតខំធ្វើការបង្រ្កាបជនល្មើសចរាចរ ចែកចាយគ្រឿងញៀន និងបានបង្កើនការងារអប់រំផ្សព្វផ្សាយ ចំណេះដឹងពីគ្រោះថ្នាក់ និងបញ្ហានានាដែលពាក់ព័ន្ធ នឹងគ្រឿងញៀនដល់ប្រជាពលរដ្ឋកុំឲ្យទៅជិតនិងប៉ះពាល់គ្រឿងញៀន។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងការកោតសើរនិងលើកទឹកចិត្ត ដល់អ្នកពាក់ពន្ធ័ដែលបានរួមគ្នាខិតខំ អនុវត្តការងារតាមផែនការដែលបានដាក់ចុះ និងបានណែនាំឲ្យអ្នកពាក់ព័ន្ធខិតខំអនុវត្តនូវផែនការសកម្មភាពនេះ បន្ថែមទៀតដើម្បីប្រែក្លាយភូមិទាំងពីរក្លាយជាភូមិគំរូគ្មានគ្រឿងញៀន សម្រាប់ពង្រីកបន្តទៅបង្កើតភូមិស នៅភូមិដទៃទៀតជាប់ព្រំដែនកម្ពុជា ថៃ ឡាវ ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្ថែមថា «ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការងារពហុវិស័យគ្រប់ជាន់ថ្នាក់ សហគមន៍ អាជ្ញាធរមូលដ្ឋាន វិស័យសាសនា និងវិស័យជាច្រើន ចូលរួមគាំទ្រហើយការចូលរួមគាំទ្ររបស់កងកម្លាំងខេមរភូមិន្ទ គឺពិតជាមានសារសំខាន់ និងមិនអាចខ្វះបាន ដើម្បីបង្ការ និងទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាព នូវរាល់ការចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន»។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានប្រគល់សម្ភារ សម្រាប់ការិយាល័យទំនាក់ទំនងព្រំដែន BLO និងភូមិស រួមមាន៖
ក-សម្រាប់ការិយាល័យ BLO៖ កុំព្យូទ័រលើតុ៣ អាគុយកុំព្យូទ័រ៣ ម៉ាស៊ីនព្រិនឯកសារស-ខ្មៅ៣ អាយកូមស្តង់ដារ៣សម្រាប់ កែវយិតមើលថ្ងៃ-យប់៣ អាយកូមកាន់ដៃ៤ ម៉ូតូ HONDA 125cc ៦គ្រឿង ទូកល្បាត១គ្រឿង
ខ-សម្ភារសម្រាប់ «ភូមិស» ចំនួន២ ៖ មានអាយកូមស្តង់ដារ២ អាយកូមកាន់ដៃ៤ ម៉ូតូ HONDA 125cc ២គ្រឿង តេសទឹកនោមរកសារធាតុញៀន ៤,៨០០តេស្តបានចែកនូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនមន្រ្តីនគរបាលចំនួន១៨រូប ដែលបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសគ្រឿងញៀនតាមប្រព័ន្ធកុំព្យួទរ័ (eLearning)ដែលកម្មវិធីបណ្តុះបណ្តាលរបស់ការិយាល័យគ្រឿងញៀននិងឧក្រឹដ្ឋកម្មសហប្រជាជាតិ (UNODC) និងបានផ្តល់ថវិកាឧបត្ថម្ភលេខាធិការគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀខេត្ត ១លានរៀល ស្នងការនគរបាល ១លានរៀល អាវុធហត្ថខេត្ត១លានរៀល និងសឹករងខេត្ត១លានរៀលផងដែរ៕