(ភ្នំពេញ)៖ ពលការីនីជនជាតិខ្មែរឥស្លាមម្នាក់ ត្រូវបានសង្គ្រោះឲ្យបានត្រឡប់មកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ បន្ទាប់ពីត្រូវបានចាញ់បោក ក្រុមហ៊ុនខុសច្បាប់ក្នុងស្រុកមួយ បញ្ជូនទៅបម្រើការងារជាស្រ្តីមេផ្ទះ នៅអារ៉ាប៊ីសាអូឌីត ហើយបាត់ដំណឹងសូន្យជាង១៣ឆ្នាំមកហើយ។
ជនរងគ្រោះទម្លាយឲ្យដឹងថា ជាក្រុមហ៊ុននាំគាត់ទៅចាញ់បោកគេរយៈពេល១៣ឆ្នាំមកនេះ គឺជារបស់លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា តែត្រូវបានប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យឲ្យបញ្ចប់តំណែងកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ។
ស្រ្តីរងគ្រោះ ឈ្មោះ អេង ពៅ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានចាញ់បោកក្រុមហ៊ុនមិនស្របច្បាប់ ឲ្យទៅបម្រើការងារជាស្រ្តីមេផ្ទះ នៅអារ៉ាប៊ីសាអូឌីត តាំងពីឆ្នាំ២០០៤មកម្ល៉េះ។
តាមការបញ្ជាក់របស់ លោក សា ឡុកម៉ាន អាយុ៦១ឆ្នាំ ត្រូវជាប្តី បានឲ្យដឹងថា ដើម្បីជួយសង្គ្រោះដល់ប្រពន្ធដែលរងគ្រោះជាង១៣ឆ្នាំនេះ លោកបានរិះរកមធ្យោបាយគ្រប់បែបយ៉ាង ប៉ុន្តែគ្មានតំរុយទាល់តែសោះ ដែលកាលពីឆ្នាំ២០០៤នោះ រូបលោកក៏បានចេញទៅធ្វើការតាមក្រុមហ៊ុនខាងលើ នៅអារ៉ាប៊ីសាអូឌីត ជាអ្នកបើកបររថយន្ត ហើយនៅផ្សេងគ្នាពីប្រពន្ធ តែក្រោយមកក៏បាត់ដំណឹងសូន្យ រហូតចប់កុងត្រា ក៏ត្រឡប់មកស្រុកខ្មែរវិញ ដើម្បីរកមធ្យោបាយជួយរកប្រពន្ធ ព្រោះកាលខ្លួន នៅបម្រើការងារនៅប្រទេសនេះ គឺបានខំប្រឹងរកមធ្យោបាយជួយដែរ តែគ្មានលទ្ធផល។
ដោយមិនអស់ចិត្ត លោក សា ឡុកម៉ាន បានសន្សំប្រាក់ ចេញទៅធ្វើការនៅម្ចាស់ផ្ទះដដែលកាលពីឆ្នាំ២០១២ ដើម្បីបន្តរកប្រពន្ធហើយទីបំផុត ក៏ជួបដូចការប្រឹងប្រែងមែន ប៉ុន្តែបុរសជាប្តីនៅតែគ្មានលទ្ធភាព ជួយសង្គ្រោះប្រពន្ធនោះទេ ព្រោះស្រ្តីរងគ្រោះជាប្រពន្ធ គ្មានលិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធអ្វីឡើយ។
បុរសជាប្តីបំពេញការងារទាំងលំបាក ព្រោះអាណិតប្រពន្ធកំសត់ ដែលកំពុងរស់នៅបម្រើគ្រួសារមួយគ្រាន់តែចិញ្ចឹមក្រពះ ទន្ទឹងរង់ចាំវាសនាថា តើថ្ងៃណាទើបខ្លួនត្រូវបានសង្គ្រោះវិញ ខណៈដែលខ្លួនជាប្តីបានត្រឹមតែលួចទៅជួបប្រពន្ធម្តងម្កាលតែប៉ុណ្ណោះ ហើយអូសបន្លាយពេលរហូត៥ឆ្នាំក្រោយ គឺកាលពីខែកុម្ភៈ ឆ្នាំ២០១៧ ទើបសម្រេចលាប្រពន្ធមកស្រុកខ្មែរ ដើររកជំនួយបន្តទៀត។
លោក ឡុកម៉ាន បានបញ្ជាក់ដែរថា ក្នុងនាមជាប្តី លោកមិនសុខចិត្តជាមួយនឹងទង្វើដែលក្រុមខាងលើ បានធ្វើបែបនេះដាក់គ្រួសារ មិនតែប៉ុណ្ណោះ ក្រៅពីការមិនបានទទួលប្រាក់ខែជាង១៣ឆ្នាំ លោកក្នុងនាមជាប្តី ក៏បានចំណាយទាំងពេលវេលា និងថវិកាមិនតិចជាងម៉ឺនដុល្លារឡើយ ដើម្បីពុះពាររកប្រពន្ធរបស់ខ្លួន។
បន្ទាប់ពីមានការណែនាំពីមន្រ្តីនៅតាមមូលដ្ឋាន ឲ្យមកទំនាក់ទំនងសុំអន្តរាគមន៍ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទើបចុងក្រោយនេះ ក៏សម្រេចចិត្តដើម្បីសុំជួប និងអន្តរាគមន៍ពី លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងជាពិសេស មានកិច្ចអន្តរាគមន៍យ៉ាងខ្លាំងផងដែរ ដោយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានស្ថានទូតកម្ពុជាប្រចាំនៅ សាធារណៈរដ្ឋអេហ្សីប មានលោក ស្មាន ម៉ាណាន ជាឯកអគ្គរាជទូត គឺភាគីក្រសួងទាំងពីរបានស្វះស្វែង និងអន្តរាគមន៍ ជាមួយភាគីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត និងសង្គ្រោះស្រ្តីរងគ្រោះខាងលើ បានសម្រេចជាស្ថាពរ និងបានវិលត្រឡប់មកជួបក្រុមគ្រួសារវិញ។
នៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ស្ត្រីរងគ្រោះ ឈ្មោះ អេង ពៅ បានលើកឡើងថា ក្នុងកំឡុងពេលជាង១៣ឆ្នាំមកនេះ គឺខ្លួនមិនដែលបានទទួលប្រាក់បៀវត្សនោះឡើយ ហើយក៏មិនដែលមានតំណាងភាគីក្រុមហ៊ុន ដែលបញ្ចូនខ្លួនគាត់ទៅមកទាក់ទង សួរនាំពីការបាត់ខ្លួនរបស់គាត់ទេ និយាយរួម វាគឺជាការបោកប្រាស់ យកពលករទៅលក់ចោលសុទ្ធសាធ ដែលក្នុងនាមជនរងគ្រោះមិនសុខចិត្ត នូវទង្វើទុច្ចរិតមួយនេះ ដែលបង្កការខាតបង់យ៉ាងច្រើន ដល់សេដ្ឋកិច្ចគ្រួសាររបស់គាត់ ជាពិសេស គឺបានធ្វើឲ្យគាត់ព្រាត់ប្រាស់គ្រួសារប្តី និងកូនៗ រួមជាមួយសាច់ញាតិផងដែរ។
ទាំងស្រ្តីរងគ្រោះ និងក្រុមគ្រួសារបានអំពាវនាវឲ្យអាជ្ញារធរមានសមត្ថកិច្ច សូមមេត្តាជួយរកយុត្តិធម៌ជូនគ្រួសារគាត់ផង ជាពិសេសគឺទទូចស្នើឲ្យធ្វើយ៉ាងណា ស្វែងរកជនបង្កហេតុ មកទទួលខុសត្រូវលើទង្វើនេះផងដែរ។
គួរបញ្ជាក់ថា នេះជាស្រ្តីរងគ្រោះទី២ហើយ ដែលត្រូវបានចាញ់បោក្រុមហ៊ុនតែមួយខាងលើ ហើយត្រូវបានក្រសួងការងារ និងក្រសួងការបរទេសកម្ពុជា បានផ្តល់អន្តរាគមន៍សង្គ្រោះឲ្យបានមកដល់កម្ពុជាវិញ ខណៈស្រ្តីរងគ្រោះទី១ ឈ្មោះ ម៉ាត់ សាណាស់ ហៅ (រ៉ទស់) ក៏ជួបបញ្ហាដូចគ្នា ដែលត្រូវបានជួយអន្តរាគមន៍ ឲ្យបានត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាពកាលពី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧។
លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅមានស្ត្រីរងគ្រោះជាច្រើននាក់ទៀត កំពុងបាត់ខ្លួនអំឡុងពេលជាង១០ឆ្នាំ ខណៈខ្លះទៀតកំពុងទាក់ទង សុំអន្តរាគមពីក្រសួង ជាបន្តបន្ទាប់ ដែលអ្នកទាំងអស់គ្នាសុទ្ធតែរងគ្រោះដោយ ការចាញ់បោកក្រុមហ៊ុនដដែលខាងលើ។
លោករដ្ឋលេខាធិការបានបន្តថា តាមពិតនៅអារ៉ាប៊ីសាអូឌីត មានពលករបរទេសដល់ទៅជាង១០លាននាក់ឯណោះ ដែលកំពុងបំពេញការងារដោយស្របច្បាប់ ហើយបានទទួលកម្រៃប្រាក់ឈ្នួលល្អសមរម្យ និងបានចូលរួមជួយជ្រោមជ្រែងសេដ្ឋកិច្ចគ្រួសារ និងប្រទេសនីមួយៗ ដែលបញ្ជូនពលករទាំងនោះ។ ដោយឡែកសម្រាប់ក្រុមហ៊ុន ដែលមានបញ្ហាមិនស្របច្បាប់ទៅវិញ ដែលបានបង្កបញ្ហាស្មុគស្មាញ ដល់ពលករ ដល់ក្រសួងអជ្ញាធរមានសមត្ថកិច្ច និងសង្គមទាំងមូលផងដែរ ហើយដើម្បីធានាសុវត្ថិភាពពលករកម្ពុជា លោករដ្ឋលេខាធិការក្រសូងការងារ បានអំពាវនាវដល់ពលរដ្ឋកម្ពុជា ដែលមានបំណងទៅបំពញការងារនៅក្រៅប្រទេស សូមផ្តោតសំខាន់ទៅលើក្រុមហ៊ុនណា ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ក្រុមហ៊ុនដែលមិនធ្លាប់លេចលឺបញ្ហាផ្សេងៗ៕