(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីចិន លោក លី ខឺឈាង នៅវេលាម៉ោង១៣៖៥០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ បានចាកចេញពីប្រទេសកម្ពុជាហើយ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលថ្នាក់តំបន់ មេគង្គ-ឡានឆាង លើកទី២ និងទស្សនកិច្ចផ្លូវការនៅកម្ពុជា តាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
សូមបញ្ជាក់ថា នាយករដ្ឋមន្ដ្រីចិន បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង១៤៖២០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ដើម្បីចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់ មេគង្គ-ឡានឆាង លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការអញ្ជើញមកដល់របស់នាយករដ្ឋមន្រ្តីចិន ត្រូវបានទទួលស្វាគមន៍ដោយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងមន្រ្តីទូតចិនផងដែរ។
កិច្ចប្រជុំកំពូលថ្នាក់តំបន់នេះ ធ្វើឡើងក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្ត ក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ៕