(ភ្នំពេញ)៖ លោក មិន ស្វេ អនុប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីប្រទេសកម្ពុជាហើយ នៅវេលាម៉ោង១៣៖៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ ​ក្រោយមកចូលរួមកិច្ច​ប្រជុំ​កំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា លោក មិន ស្វេ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ខ្លួន ធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ដើម្បីចូលកិច្ចប្រជុំមួយនេះ។

កិច្ចប្រជុំកំពូលថ្នាក់តំបន់នេះ ​ធ្វើឡើងក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្ត ក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ៕