(ភ្នំពេញ)៖ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានថ្លែងប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ចិនបានត្រៀមកញ្ចប់ថវិកាប្រមាណ ១៨០០លានយ័ន្ត ដែលប្រហាក់ប្រហែល ២៧៦លានដុល្លារ សម្រាប់គម្រោងតូច-ធំ នៅក្នុងប្រទេសកម្ពុជា។
ការបង្ហាញពីកញ្ចប់ថវិការបស់ចិន សម្រាប់ជួយដល់កម្ពុជានេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបនេះថា លោក លី ខឺឈាង បានប្រាប់សម្តេចតេជោថា ចិនមានកញ្ចប់ថវិកាប្រមាណ១២០០លានយ័ន្ត (ជាង១៨៤លានដុល្លារ) សម្រាប់គម្រោងខ្នាតតូច និង ៦០០លានយ័ន្ត (ប្រហែល៩២លានដុល្លារ) សម្រាប់គម្រោងខ្នាតធំនៅកម្ពុជា។
ជាមួយគ្នានេះ លោក លី ខឺឈាង ក៏បានអះអាងអំពីវត្តមានរបស់លោក នៅក្នុងប្រទេសកម្ពុជាលើកនេះថា ជាការពង្រឹងឱ្យកាន់តែប្រសើរឡើងថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្រ្តីចិន ក៏បានជំរុញឱ្យថ្នាក់រដ្ឋមន្រ្តីកម្ពុជា-ចិន ឆាប់ចរចាគ្នា ដើម្បីទទួលយកថវិការបស់ចិនមកអនុវត្តផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងខ្លាំងនូវប្រសាសន៍របស់ លោក លី ខឺឈាង។ សម្តេចថា ឆ្នាំពិសេសខួប៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តចិន និងការធ្វើជាសហប្រធាន គឺបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕