(កំពង់ស្ពឺ)៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍនជនបទ បានលើឡើងក្នុងពិធីអញ្ជើញចូលរួមតែងតាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ថា លោកនឹងប្តេជ្ញាចិត្តរក្សាសាមគ្គីភាព កែលម្អ ស្មោះត្រង់បម្រើឲ្យអស់លទ្ធភាព ដើម្បីអភិវឌ្ឍនប្រទេស និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ក្នុងពិធីតែងតាំងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីអភិវឌ្ឍនជនបទ និងការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុម ប្រឹក្សាខេត្ត អភិបាលខេត្តកំពង់ស្ពឺ រួមទាំងមន្ត្រី នៃមជ្ឈមណ្ឌលជាច្រើននាក់ នៅភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានថ្លែងថា ចលនាភូមិថ្មី គឺជាកន្លែងអភិវឌ្ឍនដែលបណ្តុះបណ្តាលដល់ប្រជាកសិករជាច្រើនជំនាញ តាមមុខរបរកសិកម្ម ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដោយមានការដាំបន្លែ ការចញ្ចឹមសត្វ ធ្វើសាប៊ូលាងចានជាដើម ដែលបច្ចុប្បន្ននេះចលនាភូមិថ្មីប្រទេសកូរ៉េ ដោយអនុវត្តឲ្យពលរដ្ឋមានផ្ទះថ្ម ផ្ទះក្បឿង មានភ្លើង និងទឹកប្រើប្រាស់ជាមុន។
លោករដ្ឋមន្ត្រីបានលើឡើងថា «មជ្ឈមណ្ឌលអភិវឌ្ឍនកម្ពុជា-កូរ៉េ និងដំណើរបានល្អ ដោយមានការគ្រប់គ្រងពីនាយកមជ្ឈមណ្ឌលថ្មី ដែលត្រូវប្រកាសតែងតាំង និងជាអតីតមន្ត្រីនៃមជ្ឈមណ្ឌលផ្ទាល់ ដោយកត្តាសាមគ្គីភាព ចេះស្រឡាញ់ រាប់អានគ្នា រក្សាបាននៅគុណធម៌ និងចេះបង្រៀនគ្នាទៅវិញទៅមក»។
លោក ហ៊ុន ប៊ុនរ៉ា ដែលតែងតាំងជានាយកមជ្ឈមណ្ឌលអភិវឌ្ឍនកម្ពុជា-កូរ៉េ បានលើកឡើងថា ការផ្តល់ទំនុកចិត្តដល់លោកក្នុងការដឹកនាំ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ដែលជាជំនួយឥតសំណងរបស់ប្រជាជន និងរាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ លោកនឹងប្តេជ្ញារក្សាឲ្យបាន សាមគ្គីភាពផ្ទៃក្នុង ទទួលយកគំនិត កែលម្អ និងស្មោះត្រង់ធ្វើការបំរើឲ្យអស់លទ្ធភាព ដើម្បីអភិវឌ្ឍន៍ប្រទសេ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
លោកនាយកមជ្ឈមណ្ឌលថ្មីបានបន្តថា ការផ្តល់ឱកាសដល់រូបលោក តាំងពីដើមរៀងមករហូតមក បានធ្វើឲ្យលោកមានជំនឿចិត្ត និងយល់ដឹងច្បាស់ពីការដឹកនាំ ពិសេសបែបផែន នៃការដឹកនាំការ អនុវត្តការងារជាក់ស្តែងជាមួយសហគមន៍ និងជាមួយមជ្ឈដ្ឋានទូទៅបានកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។
សូមបញ្ចាក់ថា មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ដែលជាមជ្ឈមណ្ឌលថ្មីស្រឡាង មិនធ្លាប់មានពីមុនមកនៅកម្ពុជា ដែលបង្ហាត់ និងបង្រៀនថ្នាក់ដឹកនាំភូមិ/ឃុំ ប្រជាកសិករ និងប្រជាពលរដ្ឋ ដែលរស់នៅតាមទីជនបទក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបានចំណេះដឹង និងការផ្លាស់ប្តូរផ្នត់គំនិត ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរ ដោយគោរពតាម ស្មារតីសំខាន់ចំនួន៣ នៃចលនាភូមិថ្មីគឺ ភាពឧស្សាហ៍ព្យាយាម ការជួយខ្លួនឯង និងសហប្រតិបត្តិការ ហើយប្រកាន់ខ្ជាប់នូវពាក្យមួយឃ្លាថា «យើងអាចធ្វើ បាន»៕