(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា វត្តអារាមប្រៀបដូចជា ឃ្លាំងដ៏មានតម្លៃ សម្រាប់រក្សាទុកនូវគម្ពីរសាស្រ្ត ក្បូនច្បាប់ ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីរបស់ជនជាតិខ្មែរ ឲ្យគង់វង្សស្ថិតស្ថេររហូតមក។
លោកបន្តថា «ដោយមើលឃើញអំពីតួនាទីដ៏សំខាន់របស់ព្រះពុទ្ធសាសនា និងព្រះសង្ឃនៅក្នុងសង្គមកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជា រដ្ឋបាលថ្នាក់ក្រោម ជាតិដទៃទៀត ឲ្យបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងវិស័យនេះ តាមរយៈការបើកទូលាយ និងជំរុញឲ្យមានការចែករំលែក រួមចំណែកជាមួយព្រះសង្ឃ ពុទ្ធបរិស័ទបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដើម្បីសន្សំនូវសីលទានផង និងដើម្បីចូលរួមជាវិភាគទានផង ក្នុងការកសាងវត្តអារាមឡើងវិញ ក៏ដូចជា សមិទ្ធផលនានាសម្រាប់បម្រើដល់វិស័យសាសនា ស្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច ជាតិគ្រប់វិស័យ»។
លោក ឃួង ស្រេង បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោក និងលោកស្រីបានអញ្ជើញជាអធិបតិភាព ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងវត្តទីឃវន ហៅវត្តព្រៃវែង ស្ថិតក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានការចូលរួមពីតាជី យាយជី បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្សជិត២០០០នាក់ ហើយពិធីនេះក៏នឹងមានការប្រគល់ គ្រឿងឥស្សរិយយសផងដែរ។
ក្នុងឱកាសនោះដែរលោក ឃួង ស្រេង ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះគ្រូ គ្រិន ជឿន ព្រះចៅអធិការវត្ត ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសដែលបានរួបរួមសាមគ្គីគ្នា យ៉ាងសស្រោកសស្រាំ ក្នុងការកសាងសមិទ្ធផលនានា វត្តទីឃវន សម្រាប់ទុកជាទីសេនាសនៈ ដ៏គាប់ប្រសើរក្នុងវិស័យពុទ្ធសាសនា។ លោកបន្តថា កាយវិការ និងសទ្ធាជ្រះថ្លាដ៏ប្រពៃថ្លៃថ្លានេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការកសាងសង្គមមួយ ប្រកបដោយសុខសន្តិភាព សុខដុមនីយកម្ម និងការអភិវឌ្ឍ។
លោកបន្តថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ជូនប្រជាពលរដ្ឋខ្មែរ នូវសុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងមានការបើកទូលាយក្នុងប្រតិបត្តិការសាសនា ធ្វើឲ្យពុទ្ធបរិស័ទទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា រស់នៅយ៉ាងសុខដុមរមនា ហើយសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វត្តអារាម និងកន្លែងសក្ការៈបូជានានា ត្រូវបានកសាងឡើងជាបន្តបន្ទាប់ គ្រប់ទិសទីពាលពេញផ្ទៃប្រទេស។ វត្តអារាម និងព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ។
វត្តអារាមមានតួនាទីផ្តល់ការអប់រំផ្លូវចិត្ត ឲ្យមនុស្សអាចរស់នៅជាមួយគ្នាដោយសេចក្តីស្ងប់សុខខាងផ្លូវអារម្មណ៍ ជាឃ្លាំងផ្ទុកនូវចំណេះវិជ្ជា និងជាថ្នាលនៃការសាបព្រោះនូវធនធានមនុស្ស យ៉ាងសំបូរបែប ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការថែរក្សាការពារអត្តសញ្ញាណជាតិថែមទៀតផងដែរ។
ជាងនេះទៅទៀត ការអប់រំតាមបែបទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា ដែលបានធ្វើឡើងតាមរយៈតួនាទីរបស់ព្រះសង្ឃ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីតម្លៃសីលធម៌ និងឥរិយាបថក្នុងសង្គម ដែលពុទ្ធសាសនាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដឹងខុសដឹងត្រូវ ដឹងល្អដឹងអាក្រក់ ដឹងថាតើអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ។
លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានថ្លែងថា វត្តទីឃវនហៅវត្តព្រៃវែងបានកសាងឡើងនៅក្នុងឆ្នាំ១១០៨ ហើយក្រោយថ្ងៃរំដោះ៧មករា១៩៧៩ សំណង់មួយចំនួនត្រូវបានបំផ្លាញចោល រីឯសំណង់ដែលនៅសេសសល់ មានសភាពទ្រុឌទ្រោម បែកបាក់ស្ទើរប្រើប្រាស់មិនកើត ប៉ុន្តែក្រោមគោលនយោបាយរបស់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា វត្តនេះត្រូវបានបើកឲ្យប្រើប្រាស់ឡើងវិញ ក្នុងឆ្នាំ១៩៨០។ ក្រោយពីការបើកឲ្យដំណើរការវត្តនេះឡើងវិញ វត្តព្រៃវែង មានព្រះគ្រូចៅអធិការចំនួន៣អង្គ គឺព្រះអង្គកាន ព្រះអង្គឈុំ ឈុន និងព្រះអង្គ គ្រិន ជឿន ជាព្រះគ្រូវចៅអធិការសព្វថ្ងៃ។
វត្តទីឃវនព្រៃវែង មានផ្ទៃដីទំហំ៤៥.២២៥ម៉ែត្រការ៉េ និងមានព្រះសង្ឃគង់នៅចំនួន២៧អង្គ។ គិតមកដល់ពេលនេះ វត្តព្រៃវែង មានអាយុកាល១.៤០៣ឆ្នាំហើយ។ សមិទ្ធផលនានា ដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ រួមមាន៖ កុដិទំហំ១០គុណ១៥ម៉ែត្រ កុដិទំហំ១០គុណ១៦ម៉ែត្រ កុដិទំហំ៨គុណ៨ម៉ែត្រ បណ្ណាល័យទំហំ១២គុណ១២ម៉ែត្រ ខ្លោងទ្វារចំនួន៣ របងប្រវែង៤៥០ម៉ែត្រ ជួសជុលឧបដ្ឋានសាលា និងចាក់បំពេញទីធ្លាវត្ត។ ចំណាយថវិកាសរុបចំនួន ៤២០.៣៣០ដុល្លារ ដែលថវិកាទាំងអស់បានមកពីសទ្ធាជ្រះថ្លា របស់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេសតាមរយៈការចូលបច្ច័យដោយផ្ទាល់ និងពិធីបុណ្យផ្សេង៕