(ស្វាយរៀង)៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តស្វាយរៀង បានបន្តចុះពិនិត្យមុខទំនិញរករកសាធាតុគីមី និងទំនិញខូចគុណភាពជាពិសេសផ្តោតសំខាន់ ទៅលើមុខទំនិញ ដែលអាជីករតាំងលក់នៅតាមគេហដ្ឋាន និងទីផ្សារដែលខូចគុណភាព និងរកឃើញទំនិញខូចគុណភាពបានជាច្រើនមុខជាពិសេសគ្រឿងកំប៉ុង ហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានដកហូតយកទៅកំទិចចោល។ ស្ថិតនៅក្នុងផ្សារតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
មន្ត្រីកាំកុងត្រូល បានថ្លែងថា ការចុះពិនិត្យទំនិញនេះក្នុងថ្ងៃនេះក្នុងគោលបំណងធ្វើការអប់រំណែនាំដល់អាជីវករលក់ដូរនៅតាមផ្សារ និងតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់ យល់ដឹងអំពីគុណភាពចំណី អាហារកាលបរិច្ឆេទច្បាស់លាស់អំពីថ្ងៃ ខែ ឆ្នាំផលិត និងថ្ងៃខែផុតកំណត់។
មន្ត្រីកាំកុងត្រូលដដែលបានបន្តថា យុទ្ធនាការចុះត្រួតពិនិត្យនេះ ដើម្បីអប់រំផ្សព្វផ្សាយដល់បងប្អូនអាជីករទាំង ប្រជាពលរដ្ឋអ្នកលក់នៅតាមផ្ទះ និងនៅផ្សារតាពៅ ក្រុងបាវិត ក៏ដូចជានៅតាមផ្សារនានា ក្នុងខេត្តស្វាយរៀង ជាពិសេសគឺពិនិត្យទំនិញនៅតាមផ្សារមានរួមមាន៖ បន្លែផ្លែឈើ គ្រឿងកំប៉ុង ទំនិញផ្សេងៗដាក់តាំងលក់ ដែលមានផ្ទុកសារជាតិគីមី និងខូចគុណភាព។ មន្រ្តីបានរកឃើញទំនិញខូចគុណភាពបានជាច្រើនមុខជាពិសេសគ្រឿងកំប៉ុងដែលហួសកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់មន្ត្រីយើងធ្វើការដកហូតយកទៅកំទិចចោល។
បងប្អូនអាជីវករ បានសាទរចំពោះមន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង ដែលចុះពិនិត្យមុខទំនិញនាពេលនេះព្រោះថាទាំងលក់ទាំងអ្នកទិញពុំបានដឹងថា ក្នុងមុខទំនិញគ្រប់ប្រភេទ សុទ្ធតែមានកាលបរិច្ឆេទច្បាស់លាស់នោះទេ ហើយមុនទិញត្រូវពិនិត្យឲ្យបានច្បាស់លាស់ចៀសវាងប៉ះចំទំនិញខូចគុណភាព៕