(ភ្នំពេញ)៖ មន្ត្រីរាជការ នៃក្រសួងកិច្ចការនារីជាច្រើននាក់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ បានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្តក្រោមប្រធានបទ «ផ្តល់អំណោយឈាម ដោយស្ម័គ្រចិត្ត» ដោយមានការចូលពីលោកស្រី ឃឹម ចំរើន រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី, លោក ប៉ាវ មុយថុង តំណាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

បើតាមមន្រ្តីនៅក្រសួងកិច្ចការនារី បានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលក្រសួងការងារ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរៀបចំកម្មវិធីផ្តល់ឈាម សប្បុរសធម៌ក្នុងក្រសួង ដោយរំពឹងថា នឹងទទួលបានឈាមយ៉ាងតិច៦០ប្លោក ដើម្បីផ្គត់ផ្គង់កង្វះខាតឈាមទូទាំងប្រទេសកម្ពុជា។

លោកស្រី ឃឹម ចំរើន បានបង្ហាញនូវការ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ត្រីក្រោមឱវាទទាំងអស់ ដែលមានចិត្តសប្បុរសធម៌ ក្នុងការផ្តល់ឈាមលើកនេះ។

លោកស្រី ក៏បានលើកឡើងផងដែរថា សព្វថ្ងៃស្ត្រីបានដើរ តួរយ៉ាងសំខាន់ ចំពោះការចូលរួមអភិវឌ្ឍប្រទេស ចំនួនស្ត្រីបម្រើការងារ និងមានមុខដំណែង ជាថ្នាក់ដឹកនាំ ក្នុងជួររដ្ឋាភិបាល និងក្រុមហ៊ុនឯកជន សហគ្រាសនានា គឺមានការកើនឡើង យ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ។

លោកស្រីបន្ដថា ក្នុងថ្ងៃនេះ ក៏ដូចគ្នាក្រសួងកិច្ចការងារនារី ដែលមានបុគ្គលិកភាគច្រើន ជានារីបានប្រារព្ធកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ដែលជាមោទនភាព មួយក្នុងការ រួមចំណែកកាន់តែប្រសើរ ក្នុងការចូលរួមជួយស្រោចស្រង់ជីវិត ប្រជាពលរដ្ឋខ្មែរដែលកំពុងតែត្រូវការឈាមដើម្បីសង្គ្រោះជីវិត។

លោកស្រី ក៏បានថ្លែងអំណរគុណ ចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និងប្រមូលឈាម សប្បុរស គ្រប់ទីកន្លែង ដើម្បីបំពេញបន្ថែម ដល់តម្រូវការឈាម ជាចាំបាច់ទូទាំងប្រទេស។ លោកស្រីក៏រំពឹងថា នឹងបន្តគាំទ្រដល់កម្មវិធីបរិច្ចាគឈាម ហើយក៏នឹងបង្កើតឲ្យមានកម្មវិធីផ្តល់ឈាម បែបនេះជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។

ដើម្បីលើកទឹកចិត្តដល់សប្បុរសជន ដែលបានផ្តល់ឈាមដោយស្ម័គ្រចិត្ត ក្រុមហ៊ុនទឹកពិសា វីតាល់បានផ្តល់ទឹក វីតាល់៦ដបរួម ជាមួយនឹងថង់យួរដ៏ស្រស់ស្អាត សម្រាប់អ្នកផ្តល់ឈាម ទាំងអស់ បន្ថែមពីលើ ការឧបត្ថម្ភទឹកវីតាល់ ក្នុងការប្រើប្រាស់ក្នុងកម្មវិធី។

ជាមួយនឹងការជួយគាំទ្រឧបត្ថម្ភពីវីតាល់ ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានធ្វើឲ្យមាន ការលើកកំពស់ការផ្សព្វផ្សាយ ឲ្យកាន់តែធំទូលាយចំពោះគុណប្រយោជន៍នៃការបរិច្ចាគឈាម។

ក្នុងឆ្នាំ២០១៧កន្លងមកនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានចំនួនអ្នកស្ម័គ្រចិត្ត ផ្តល់ឈាមបានកើនឡើងច្រើនលើសពីឆ្នាំទៅ។ ប៉ុន្តែដោយសារតែចំនួននៃតម្រូវការ ក៏មានការ កើនឡើងយ៉ាងខ្លាំងដែរ ដែលធ្វើឲ្យមជ្ឈមណ្ឌលនៅតែប្រឈមនឹងកង្វះខាតឈាមនៅក្នុងស្តុក។

ដូច្នេះហើយទើបមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានខិតខំស្វះស្វែងដាក់លិខិតស្នើរសុំប្រារព្ធ ពិធីបរិច្ចាគឈាម ទៅតាមស្ថាប័នរដ្ឋនិងឯកជននានាទូទាំងរាជធានី ដោយសង្ឃឹមថានឹង ទទួលបានការសហការល្អដូចក្រសួងការងារដែរ ដើម្បីបំពេញតម្រូវការឈាមក្នុងស្តុក។

ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនវីតាល់ពិតជារីករាយ និងកោតសរសើរដល់ទឹកចិត្តមន្ត្រីរាជការ និងពោលទាហានទាំងឡាយតាម ស្ថាប័នរដ្ឋនានា ដែលមានបានចូលរួមចំនែកយ៉ាងសកម្ម កម្មវិធីមនុស្សធម៌ ដែលទង្វើរជាគំរូរដ៏ល្អសម្រាប់ប្រជាពលរដ្ឋដទៃ។

ដើម្បីជាការតបស្នង ដល់ការគាំទ្ររបស់អតិថិជន វីតាល់ក្នុងមូលនិធិ ២៥៛ ក្នុងមួយដប ក្រុមហ៊ុន នឹងរៀបចំនូវ កម្មវិធីមនុស្សធម៌ជាច្រើនបន្ថែម ឲ្យកាន់តែច្រើនបន្ថែមទៀតនៅក្នុងឆ្នាំ ២០១៨នេះ៕