(ក្រចេះ)៖ អាជ្ញាធរស្រុកស្នួល ខេត្តក្រចេះ បានចុះទៅទប់ស្កាត់ប្រជាពលរដ្ឋចំនួន២៧គ្រួសារ ស្មើនិង៥០នាក់ ខណៈពួកគាត់កំពុងតែលើកគ្នា ទៅកាប់ទន្រ្ទានដីព្រៃចំណីអូរខុសច្បាប់របស់ក្រុមហ៊ុន ប៊ិន ហ្វឿក២ ស្ថិតនៅឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ដីចំណីអូរខាងលើនេះ ជាដីសាធារណៈរបស់រដ្ឋ ហើយត្រូវបានរាជរដ្ឋាភិបាល ប្រគល់ជូនក្រុមហ៊ុនដើម្បីធ្វើការវិនិយោគ តែប្រជាពលរដ្ឋ ដែលគ្មានដីធ្លី បានលើកគ្នាសម្រុកគ្នាទៅកាប់ទន្ទ្រានទាំងខុសច្បាប់។
អភិបាលស្រុកស្នួល ខេត្តក្រចេះ លោក គង់ គឹមនី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះថា បន្ទាប់ពីមានព័ត៌មាននៃសកម្មភាពកាប់ទន្ទ្រានដីខាងលើនេះ កាលពីម្សិលមិញ លោកបានបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចចុះទប់ស្កាត់ និងធ្វើការសម្របសម្រួល ដើម្បីឲ្យពួកគេបញ្ឈប់សកម្មភាពទាំងនេះ ពីព្រោះជាអំពើខុសច្បាប់ទាំងស្រុង។
លោកអភិបាលស្រុក បានថ្លែងថា បើប្រជាពលរដ្ឋពិតជាគ្មានដីធ្លីពិតមែននោះ ពួកគេអាចដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច ពេលនោះអាជ្ញាធរស្រុក និងខេត្ត នឹងរាយការណ៍ជូនថ្នាក់លើ ដើម្បីសម្រេចបន្តទៀត។
របាយការណ៍របស់សាលាស្រុកស្នួល បានឲ្យដឹងថា ប្រជាពលរដ្ឋបានរានព្រៃចែកដីគ្នាក្នុងម្នាក់ៗ ក្បាល១៥ម៉ែត្រ បណ្ដោយ៣០០ម៉ែត្រ តែត្រូវបានអាជ្ញាធរចុះទៅបញ្ឈប់មិនឲ្យមានរបៀបនេះទៀតទេ ហើយបានណែនាំពួកគាត់ ត្រឡប់ទៅផ្ទះវិញ មិនត្រូវនៅបន្ដឲ្យកាប់ដីព្រៃបែបអនាធិបតេយ្យទៀតឡើយ៕