(ភ្នំពេញ)៖ នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ កិច្ចពិភាក្សារទ្វេភាគីរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនាយករដ្ឋមន្ដ្រីចិន លោក លី ខឺឈាង នៅឯវិមានសន្ដិភាព ត្រូវបានបញ្ចប់ហើយ ក្រោយពីប្រជុំអស់ជិត២ម៉ោង។
បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង អញ្ជើញធ្វើជាអធិបតីចុះហត្ថលេខាលើឯកសារសំខាន់មួយចំនួន និងពិធីប្រកាសជាផ្លូវការអំពីគម្រោង «ដំណើរនៃក្ដីស្រលាញ់ពីបេះដូង» នៅកម្ពុជា ដែលផ្តល់ជាជំនួយឥតសំណងសម្រាប់គម្រោងសាងសង់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ និងគម្រោងប្លង់ស្ថាបត្យកម្មអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ។
បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន លោក លី ខឺឈាង នឹងបន្តដំណើរចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
ក្រោយជួបសវនាការជាមួយព្រះមហាក្សត្រខ្មែរ នៅរសៀលថ្ងៃដដែល លោក លី ខឺឈាង នឹងអញ្ជើញចូលរួមលាងសាយភោជន៍ពេលថ្ងៃត្រង់ ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ ក្រោយពីពិធីលាងសាយភោជន៍ លោក លី ខឺឈាង នឹងត្រូវឡើងយន្តហោះ ចាកចេញពីកម្ពុជានៅវេលាម៉ោងប្រមាណ ២រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ដដែលនោះ៕