(ភ្នំពេញ)៖ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នឹងដាក់វិធានការនីតិវិធីបន្តទៀតសម្រាប់ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ក្រោយពេលទណ្ឌិតក្រៅពន្ធនាគារមួយនេះ នៅតែបន្តរឹងរូស មិនព្រមចូលខ្លួនដើម្បីឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការជាបន្តបន្ទាប់កន្លងមក។ នេះបើតាមការឱ្យដឹងពីមន្រ្តីតុលាការក្រុងភ្នំពេញ។
លោក សម រង្ស៊ី ដែលកំពុងមានវត្តមាននៅក្រៅប្រទេស បានអវត្តមានជាថ្មីម្តងទៀត ក្នុងការចូលបំភ្លឺជូនតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធនឹងបណ្តឹងរបស់កងយោធពលខេមរភូមិន្ទ។ ប៉ុន្តែនេះមិនមែនជាលើកទី១ទេ ដែលទណ្ឌិតក្នុងសំណុំរឿងចោទប្រកាន់លើ និងវាយប្រហារលើឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រូបនេះ មិនបង្ហាញខ្លួនតាមការកោះហៅរបស់ស្ថាប័នតុលាការ។
មន្រ្តីជាន់ខ្ពស់នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ Fresh News នៅមុននេះយ៉ាងដូច្នេះថា៖ «សមរង្ស៊ី មិនចូលទេ តាមការកោះហៅ របស់ព្រះរាជអាជ្ញា ជនសង្ស័យបានពឹងពាក់មេធាវីការពារសិទ្ធិឲ្យខ្លួន ដល់កាលបរិច្ឆេទជននេះមិនបានបង្ហាញ ដើម្បីឲ្យធ្វើការសាកសួរ យកចម្លើយ អំពើនេះត្រូវបានចាត់ទុកថា ជនសង្ស័យរូបនេះមានភាពរឹងរូស មិនចូលតាមការកោះហៅ តុលាការអាចចាត់ការបន្ត»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ មេធាវីតំណាងដោយអាណត្តិរបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ភក្តី បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ពាក់ព័ន្ធនឹងករណីញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ថ្នាក់ដឹកនាំ ស្របច្បាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។ ការដាក់ពាក្យប្តឹងនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អំពាវនាវឱ្យកងទ័ពបង្វែរកាណុងមកលើ រាជរដ្ឋាភិបាល ហើយបង្គាប់ឱ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧។
ការអំពាវនាវបែបនោះ បានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងខ្លាពីសំណាក់អង្គភាពយោធា នៅក្នុងប្រទេសកម្ពុជា។ អង្គភាពយោធាជាច្រើន បានចេញ មកថ្កោលទោស លោក សម រង្ស៊ី ថាជាការអំពាវនាវក្បត់ជាតិ ហើយប្រឆាំងនឹងរដ្ឋធម្មនុញ្ញ។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ លោក សម រង្ស៊ី ដែលកំពុងគេចខ្លួនទៅក្រៅប្រទេស កំពុងញាំញីដោយពាក្យបណ្តឹង នៅតុលាការកម្ពុជា ក្នុងនោះមានការទាមទារឱ្យអនុវត្តសាលក្រមរឿងចាញ់ក្តី ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, សំណុំរឿងក្លែងឯកសារព្រំដែនបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ និងសំណុំរឿងបរិហារកេរ្តិ៍ លើសម្តេច ហេង សំរិន ជាដើម, សំណុំរឿងបរិហាកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន, សំណុំរឿងបរិហាកេរ្តិ៍ កញ្ញា ធី សុវណ្ណថា រួមទាំងសំណុំរឿងមួយចំនួនទៀត៕