(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរមុខងារជាផ្លូវការ និងដំឡើងឋានន្តរស័ក្តិជូនមេបញ្ជាការអាវុធហត្ថស្រុកមង្គលបុរី និងក្រុងប៉ោយប៉ែត។
តាមសេចក្តីសម្រេច លោកវរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការអាវុធហត្ថស្រុកមង្គលបូរី ប្រកាសតែងតាំងជានាយរងសេនាធិការដ្ឋាន នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ហើយតែងតាំងលោកវរសេនីយ៍ត្រី នួន ភិរម្យ ជាមេបញ្ជាការជំនួសវិញ។ ដោយឡែកលោកវរសេនីយ៍ត្រី ជា ដា ត្រូវបានតែងតាំងជានាយរងសេនាធិការដ្ឋាន នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ខណៈលោកអនុសេនីយ៍ឯក នួន នីណារ៉ូ ត្រូវបានប្រកាសជាមេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត វិញ។
មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត និងមេបញ្ជាការអាវុធហត្ថស្រុកមង្គលបូរី បានធ្វើការប្ដេជ្ញាចិត្តថា និងខិតខំបំពេញតួនាទីរបស់ខ្លួន ដោយគោរពច្បាប់ គោរពវិន័យ គោរពក្រមសិលធម៌ និងខិតខំយកចិត្តទុកដាក់ គ្រប់គ្រង ដឹកនាំកសាងអង្គភាព ការពារសន្តិសុខ សុវត្ថិភាពប្រជារាស្ត្រ និងប្រឆាំងរាលបទល្មើសទាំងឡាយ នៅក្នុងខេត្តនេះតែម្តង និងធ្វើការសហការឲ្យបានល្អ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័នយុទ្តិធម៌ កងកម្លាំងមានសមត្ថកិច្ច អង្គភាពពាក់ព័ន្ទនានា ជាពិសេសប្រជាពលរដ្ឋ និងមហាជនទូទៅ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្ត បានណែនាំឲ្យមន្រ្តីដែលទើបផ្លាស់ប្តូរមុខតំណែង និងខិតខំបំរើជាតិមាតុភូមិ គោរពបទបញ្ជាថ្នាក់លើ សហការឯកភាពផ្ទៃក្នុង និងអង្គភាពដើម្បីទប់ស្កាត់បទល្មើស ការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកបានសង្កត់ធ្ងន់ថា «ការផ្លាស់ប្តូរមុខតំណែង តួនាទីនាពេលនេះ មិនមែនមានន័យថា មេបញ្ជាការមុនអនុវត្តការងារមិនបានល្អនោះទេ តែនេះគឺជាការសំរេចរបស់ក្រសួងការពារជាតិ ដើម្បីបុគ្គលនីមួយៗ មានបទពិសោធន៍ពីកន្លែងមួយទៅកន្លែងមួយទៀត»។
លោកបានផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង នាយ-នាយរង និងអាវុធហត្ថទាំងអស់ ត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ត្រូវគោរពបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ត្រូវចេះស្រឡាញ់រាប់អានប្រជាពលរដ្ឋ និងត្រូវម៉ឺងម៉ាត់ចំពោះការងារ ជាពិសេស បន្តសហការចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពខ្ពស់ ដែលសំដៅលើការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕