(ភ្នំពេញ)៖ ក្រោយបញ្ចប់ការសួរនាំនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ចំនួន២បទល្មើស ទៅលើមន្រ្តីនគរបាលពាក់ស័ក្តិ៤ (តាមពិតស័ក្តិ៣) ដែលលើកជើងធាក់មន្រ្តីនគរបាលចរាចរណ៍ ជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ។ នេះបើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការ លោក ជួន សុជាតិ បានរាយការណ៍នៅមុននេះបន្តិច។
លោក សៀង សុខ បានសម្រេចចោទប្រកាន់ទៅលើជនត្រូវចោទនូវបទល្មើស «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ ដោយអាជ្ញាធរសាធារណៈ» ប្រព្រឹត្តទៅនៅចំណុចផ្លូវលេខ៥៩៨ កែផ្លូវលេខ៣១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា២១៨ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ។ សម្រាប់មាត្រា២១៨ ត្រូវប្រឈមជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ពិន័យជាប្រាក់ពី៤លាន ទៅ១០លាន និងមាត្រា៦១៤ ដែលប្រឈមជាប់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ ពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ២លានរៀល។ បើតាមការបញ្ជាក់ពីមន្រ្តីតុលាការ តាមពិតជនត្រូវចោទរូបនេះ មានឋានន្តរស័ក្តិអនុសេនីយ៍ឯក (ស័ក្តិ៣) ប៉ុន្តែជននេះបានទិញស័ក្តិក្លែងក្លាយ១ទៀត ដើម្បីពាក់លើស្មា គឺឡើងស័ក្តិ៤។
ក្រោយបញ្ចប់ការសួរនាំ និងចោទប្រកាន់រួចមកលោក សៀង សុខ បានបញ្ជូនទៅកាន់ដៃចៅក្រមដើម្បីចាត់ការបន្តទៀត តើសម្រេចឃុំឬមិនឃុំ។
សមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ដែលប្រើអំពើហិង្សាទៅលើមន្ដ្រីចរាចរណ៍ជាប់កិច្ចសន្យានោះ មានឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ ដែលបម្រើការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ រូបគេត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយប្រើអំពើហិង្សា និងមានការបែកធ្លាយវីដេអូភស្តុតាងនៅតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់មន្ដ្រីនគរបាលដែលប្រើអំពើហិង្សារូបនេះ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន គឺដាច់ខាតចាត់វិធានការណ៍តាមផ្លូវច្បាប់ គ្មានការលើកលែងនោះឡើយ។
នាយឧត្តមសេនីយ៍បានបន្ថែមថា បន្ទាប់ពីវីដេអូនៃការប្រើអំពើហិង្សាទៅលើមន្ដ្រីចរាចរណ៍ជាប់កិច្ចសន្យារួចមក លោកបានបញ្ជាឲ្យសមត្ថកិច្ចជំនាញ ស្រាវជ្រាវហើយ ឈានទៅដល់ការឃាត់ខ្លួន មន្ដ្រីនគរបាលរូបនេះ។
មន្ដ្រីចរាចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ករណីប្រើអំពើហិង្សាពីសំណាក់នគរបាលពាក់ស័ក្តិ៤រូបនេះ បានកើតឡើង នៅស្ដុបត្រឡោកបែក ដោយនគរបាលរូបនេះ បានបើករថយន្ដម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ 2AC-9099 ប៉ុន្ដែដោយខុសច្បាប់ចរាចរណ៍ ក៏ត្រូវបានក្រុមមន្ដ្រីជាប់កិច្ចសន្យានោះឃាត់ដើម្បីសួរនាំ។ ពេលបម្រុងឃាត់សួរនាំនោះ ជនបង្កមិនព្រមឈប់រថយន្តនោះឡើយ លុះមួយថ្ងៃក្រោយ ក៏បើកមកម្តងទៀតស្រាប់តែចុះមករករឿងជនរងគ្រោះ រហូតប្រើហិង្សាតែម្តង។ ពេលចុះពីរថយន្ដ ជនបង្កបានទាញកអាវអូស ថែមទាំងធាក់ចំដើមទ្រូងមួយជើង ផ្ងាទៅក្រោយបើទោះបីជនរងគ្រោះ បានលត់ជង្គង់ និងលើកដៃគោរពក្នុងន័យបង្ហាញថា សុំទោសក៏ដោយនោះ។
មន្ដ្រីជាប់កិច្ចសន្យា ដែលរងការធាក់មួយជើងចំកណ្ដាលដើមទ្រូងនោះ ឈ្មោះ អឿន ចំណាន៕