(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការអតីតយុទ្ធជនកម្ពុជា បានប្រាប់ទៅអតីតយុទ្ធជនទាំងអស់ សូមចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព តាមរយៈនៃការស្ម័គ្រចិត្ត ធ្វើជាភ្នាក់ងារឲ្យប៉ុស្តិរដ្ឋបាលឃុំ ដើម្បីផ្តល់ព័ត៌មាន អំពីល្បែងស៊ីសង ការចរាចរគ្រឿងញៀន និងបទល្មើសផ្សេងៗ ក្នុងសហគមន៍ដើម្បីឲ្យសមត្ថកិច្ចបង្ក្រាបឲ្យមានប្រសិទ្ធភាព និងធានាថាភូមិឃុំ មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សាគ្រួសាររស់នៅមានសុភមង្គល។
ការថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ គន់ គីម ត្រូវបានធ្វើឡើង ក្នុងឱកាសជួបសំណេះសំណាល ជាមួយអតីតយុទ្ធជនដែលកំពុងរស់នៅក្នុងសហគមន៍ សំសាន្ត ស្ថិតនៅភូមិរហាលទិល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជាមួយនឹងការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នោះនាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវឲ្យអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមកដូចបងប្អូនរួមផ្ទៃតែមួយ។ ក្នុងការរស់នៅត្រូវរួមគ្នា ជួយសំអាត ភូមិស្ថាន ផ្ទះសម្បែងឲ្យមានអនាម័យ បរិស្ថានល្អ និងខិតខំដាំដំណាំរួមផ្សំ ដំណាំហូបផ្លែនានាដើម្បីលើកកម្ពស់ជីវភាព។
ទន្ទឹមនោះត្រូវជឿជាក់ស្មោះស្ម័គ្រគាំទ្រការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញា ការពារឲ្យបានគង់វង្ស មរតកសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូនក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ។
សូមបញ្ជាក់ថា សហគមន៍សំសាន្តនេះ ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើង ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១១ ដោយរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធ និងសង់លំនៅដ្ឋាន ប្រភេទផ្ទះថ្ម៦០ខ្នង និងប្រភេទផ្ទះឈើ១៤០ខ្នង ប្រគល់ជូនអតីតយុទ្ធជនក្រីក្រ២០០គ្រួសារ បានរស់នៅរួមជាមួយការផ្តល់ដីកសិកម្ម សម្រាប់បង្កបង្កើនផល ដោះស្រាយជីវភាពផងដែរ៕