(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនៅកម្ពុជា នៅវេលាម៉ោងជាង៩៖១០ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បាននឹងកំពុងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ បន្ទាប់មកអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅមណ្ឌបព្រះបរមរតនកោដ្ឋ ដែលនៅក្បែរវិមានឯករាជ្យនោះ។
តាមការគ្រោងទុក ក្រោយពីបញ្ចប់ការដាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋហើយនោះ លោកនាយករដ្ឋមន្ត្រីចិន នឹងបន្តដំណើរទៅកាន់ វិមានសន្តិភាព ដើម្បីជួបសំណេះសំណាលទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន។
បន្ទាប់ពីជំនួបសំណេះសំណាលទ្វេភាគី និងកិច្ចប្រជុំចង្អៀតរួចហើយ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតីចុះហត្ថលេខាលើឯកសារសំខាន់មួយចំនួន និងពិធីប្រកាសជាផ្លូវការអំពីគម្រោង «ដំណើរនៃក្ដីស្រលាញ់ពីបេះដូង» នៅកម្ពុជា ដែលផ្តល់ជាជំនួយឥតសំណងសម្រាប់គម្រោងសាងសង់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ និងគម្រោងប្លង់ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន លោក លី ខឺឈាង នឹងបន្តដំណើរចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
ក្រោយជួបសវនាការជាមួយព្រះមហាក្សត្រខ្មែរ នៅរសៀលថ្ងៃដដែល លោក លី ខឺឈាង នឹងអញ្ជើញចូលរួមលាងសាយភោជន៍ពេលថ្ងៃត្រង់ ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ ក្រោយពីពិធីលាងសាយភោជន៍ លោក លី ខឺឈាង នឹងត្រូវឡើងយន្តហោះ ចាកចេញពីកម្ពុជានៅវេលាម៉ោងប្រមាណ ២រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ដដែលនោះ៕