(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបន្តសួរចម្លើយ មន្ដ្រីនគរបាលពាក់ស័ក្តិ៤ម្នាក់ ដែលបានលើកជើងធាក់មន្ដ្រីចរាចរណ៍ជាប់កិច្ចសន្យាម្នាក់របស់សាលារាជធានីភ្នំពេញ នៅពេលដែលមន្រ្តីចរាចរណ៍នោះ បានឃាត់រថយន្តរបស់ជនដៃដល់។
សមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ដែលប្រើអំពើហិង្សាទៅលើមន្ដ្រីចរាចរណ៍ជាប់កិច្ចសន្យានោះ មានឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ ដែលបម្រើការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ រូបគេត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយប្រើអំពើហិង្សា និងមានការបែកធ្លាយវីដេអូភស្តុតាងនៅតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់មន្ដ្រីនគរបាលដែលប្រើអំពើហិង្សារូបនេះ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន គឺដាច់ខាតចាត់វិធានការណ៍តាមផ្លូវច្បាប់ គ្មានការលើកលែងនោះឡើយ។
នាយឧត្តមសេនីយ៍បានបន្ថែមថា បន្ទាប់ពីវីដេអូនៃការប្រើអំពើហិង្សាទៅលើមន្ដ្រីចរាចរណ៍ជាប់កិច្ចសន្យារួចមក លោកបានបញ្ជាឲ្យសមត្ថកិច្ចជំនាញ ស្រាវជ្រាវហើយ ឈានទៅដល់ការឃាត់ខ្លួន មន្ដ្រីនគរបាលរូបនេះ។
មន្ដ្រីចរាចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ករណីប្រើអំពើហិង្សាពីសំណាក់នគរបាលពាក់ស័ក្តិ៤រូបនេះ បានកើតឡើង នៅស្ដុបត្រឡោកបែក ដោយនគរបាលរូបនេះ បានបើករថយន្ដម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ 2AC-9099 ប៉ុន្ដែដោយខុសច្បាប់ចរាចរណ៍ ក៏ត្រូវបានក្រុមមន្ដ្រីជាប់កិច្ចសន្យានោះឃាត់ដើម្បីសួរនាំ។ ពេលបម្រុងឃាត់សួរនាំនោះ ជនបង្កមិនព្រមឈប់រថយន្តនោះឡើយ លុះមួយថ្ងៃក្រោយ ក៏បើកមកម្តងទៀតស្រាប់តែចុះមករករឿងជនរងគ្រោះ រហូតប្រើហិង្សាតែម្តង។ ពេលចុះពីរថយន្ដ ជនបង្កបានទាញកអាវអូស ថែមទាំងធាក់ចំដើមទ្រូងមួយជើង ផ្ងាទៅក្រោយបើទោះបីជនរងគ្រោះ បានលត់ជង្គង់ និងលើកដៃគោរពក្នុងន័យបង្ហាញថា សុំទោសក៏ដោយនោះ។
មន្ដ្រីជាប់កិច្ចសន្យា ដែលរងការធាក់មួយជើងចំកណ្ដាលដើមទ្រូងនោះ ឈ្មោះ អឿន ចំណាន៕