(ភ្នំពេញ)៖ តាមការកំណត់ លោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវចូលបំភ្លឺជូនសាលាដំបូងរាជធានីភ្នំពេញ នាវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ ចំពោះបណ្តឹងរបស់កងយោធពលខេមរភូមិន្ទ។ នេះបើតាមដីការកោះហៅរបស់ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលចេញកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។
កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ លោក វង្ស ភក្តី មេធាវីតំណាងដោយអាណត្តិរបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ថ្នាក់ដឹកនាំ ស្របច្បាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។
ការដាក់ពាក្យប្តឹងនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឱ្យកងទ័ពបង្វែរកាណុងមកលើ រាជរដ្ឋាភិបាល ហើយបង្គាប់ឱ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧។
ពាក់ព័ន្ធនឹងករណីនេះ គេនៅមិនទាន់ដឹងថា លោក សម រង្ស៉ី ហ៊ានចូលបំភ្លឺជូនតុលាការឬយ៉ាងណាទេ ខណៈដែលលោកកំពុងមានវត្តមាននៅក្រៅប្រទេស ដែលរត់គេចពីការអនុវត្តច្បាប់ជាបន្តបន្ទាប់កន្លងមក។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ លោក សម រង្ស៊ី ដែលកំពុងគេចខ្លួនទៅក្រៅប្រទេស កំពុងញាំញីដោយពាក្យបណ្តឹង នៅតុលាការកម្ពុជា ក្នុងនោះមានការទាមទារឱ្យអនុវត្តសាលក្រមរឿងចាញ់ក្តី ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, សំណុំរឿងក្លែងឯកសារព្រំដែនបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ និងសំណុំរឿងបរិហារកេរ្តិ៍ លើសម្តេច ហេង សំរិន ជាដើម, សំណុំរឿងបរិហាកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន, សំណុំរឿងបរិហាកេរ្តិ៍ កញ្ញា ធី សុវណ្ណថា រួមទាំងសំណុំរឿងមួយចំនួនទៀត៕