(បាងកក-ថៃ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានជូនដំណឹងដល់បងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃឲ្យដឹងថា ការិយាល័យបើកផ្តល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរ (TD) និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេស (OCWC) ប្រចាំខេត្តរ៉ាក់យ៉ង និងឆាក់ឈើងសាវ នៃគណៈកម្មការផ្តល់ភាពស្របច្បាប់ជូន ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នឹងផ្អាកដំណើរការ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នេះតទៅ។
ស្ថានទូតកម្ពុជាបានបន្ថែមថា សម្រាប់បងប្អូនពលករដែលបានដាក់ពាក្យស្នើសុំដកលិខិតឆ្លងដែន/លិខិតធ្វើដំណើរ (TD) និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេស (OCWC) នៅការិយាល័យនៃខេត្តទាំង២នេះរួចហើយ និងបងប្អូនពលករដែលមិនទាន់ ដាក់ពាក្យស្នើសុំ អាចបន្តទំនាក់ទំនង និងដាក់ពាក្យស្នើសុំដកឯកសាររបស់ខ្លួនជាធម្មតា នៅលេខាធិការដ្ឋានអចិន្ត្រៃយ៍របស់គណៈកម្មការផ្តល់ភាពស្របច្បាប់ ដែលមានទីតាំងស្ថិតនៅបរិវេណស្ថានទូតនៃកម្ពុជា ប្រចាំប្រទេសថៃ នៅទីក្រុងបាងកក ប្រទេសថៃ៕