(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលធ្វើឡើងពេញមួយកំណាត់ថ្ងៃ នៅលើកទឹកដីកម្ពុជា បានបិទបញ្ចប់ ទៅប្រកបដោយជោគជ័យ និងផ្លែផ្កាខ្ពស់ ដោយប្រទេសសមាជិក នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានសន្យាជំរុញ កិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសការជំរុញសន្តិភាពក្នុងតំបន់ ដើម្បីទទួលបានការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ បានធ្វើឡើងនៅវិមានសន្តិភាព ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព»។ កិច្ចប្រជុំនេះមានមេដឹកនាំប្រទេសចំនួន៦ចូលរួមក្នុងនោះមានកម្ពុជា ចិន ឡាវ ថៃ វៀតណាម និងមីយ៉ាន់ម៉ា ដោយមាន សម្តេចតេជោ ហ៊ុន សែន និង លោក លី ខឺឈាង ធ្វើជាសហប្រធាន។
ក្រោយបញ្ចប់កិច្ចប្រជុំនេះ ភាពជាសហប្រធានវិលជុំរបស់មេគង្គ-ឡានឆាង ដែលកំណត់រយៈពេល២ឆ្នាំម្តង ត្រូវបានប្រគល់ជូនប្រទេសឡាវវិញម្តង។ ដោយឡែកប្រទេសចិន គឺជាសហប្រធានអចិន្រ្តៃយ៍ ដោយសារតែចិនជាប្រទេសធំជាងគេ ហើយមានការអភិវឌ្ឍខ្ពស់ ព្រមទាំងជាប្រទេសដើមដំបូង នៃទន្លេមេគង្គតែម្តង។
បន្ទាប់ពីកិច្ចប្រជុំនេះ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រចបានជាកុងសង់ស៊ីសចំនួន២ចំណុច ដែលក្នុងនោះរួមមាន៖
១៖ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២
២៖ ផែនការសកម្មភាព៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)។
សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ បានកត់សម្គាល់ចំនួន១២ចំណុច និងបានប្តេជ្ញាលើកិច្ចការមួយចំនួនដូចជា កិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព, ការផ្លាស់ប្តូរទំនាក់ទំនងសង្គម វប្បធម៌ និងប្រជាជន-ប្រជាជន និងការគាំទ្រដល់កិច្ចសហប្រតិបត្តិការជាដើម៕
ខាងក្រោមជាសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២៖