(ភ្នំពេញ)៖ ក្រោយពេលបញ្ចប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២ នៅវេលាម៉ោង៧៖០០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ កិច្ចប្រជុំនេះ ត្រូវបានប្រគល់ជូនប្រទេសឡាវ ដើម្បីធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយនេះវិញម្តង។ ពិធីប្រគល់តំណែងប្រធានកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ជូនដល់ ប្រទេសឡាវ បានធ្វើឡើងនៅវិមានសន្តិភាព ប្រទេសកម្ពុជា។
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ បានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្តក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ។
កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២នេះ ក៏បានពិភាក្សាផ្តោតសំខាន់ ដល់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់ប្រទេសអនុតំបន់ ការធ្វើឲ្យប្រសើរឡើងសុខុមាលភាពប្រជាជន ការបំព្រួញគំលាតអភិវឌ្ឍន៍ក្នុងចំណោមប្រទេស ដើម្បីគាំទ្រដល់ការកសាង សហគមន៍អាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដើម្បីរួមចំណែកបន្ថែមទៀត ដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕