(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលបានត្រួតពិនិត្យយានយន្ដចំនួន៥,៥៧២គ្រឿង រកឃើញល្មើសច្បាប់៨០៤គ្រឿង (ម៉ូតូ៨៧ភាគរយ) អប់រំ២៦៤គ្រឿង និងផាកពិន័យ៥៤០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែមករានេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១០ ខែមករានេះ ត្រួតពិនិត្យរួមបាន ចំនួន១,៨៧១គ្រឿង អប់រំ៥៣គ្រឿង និងផាកពិន័យចំនួន២៦៧គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ១,០០៣គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤៨,២៥៨គ្រឿង រកឃើញយានយន្តល្មើស ៧,៨៩២គ្រឿង (ម៉ូតូ៦៣ភាគរយ) ក្នុងនោះអប់រំ ២,៨៩៨គ្រឿង និងផាកពិន័យ ៤,៩៩៤គ្រឿង (ម៉ូតូ៩៦ភាគរយ)៕