(ភ្នំពេញ)៖ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា (EDC) បានបង្ហាញនូវមោទនភាព ចំពោះចំនួននិស្សិតជានារីកាន់តែច្រើននាក់ បានងាយមកចាប់អារម្មណ៍ និងសិក្សាជំនាញអគ្គិសនី កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ថ្លែងទៅកាន់និស្សិតចំនួន២០០នាក់ ដែលទើបទទួលបានអាហារូបករណ៍អគ្គិសនី សម្តេចតេជោ ហ៊ុន សែន ដល់និស្សិតវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី នៅថ្ងៃអង្គារ ០៨ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ លោក កែវ រតនៈ បានជំរុញឲ្យនិស្សិតទទួលអាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន ផ្នែកអគ្គិសនីទាំង២០០នាក់ ខិតខំប្រឹងប្រែងរៀនសូត្រទាំងជំនាញបច្ចេកទេស ហិរញ្ញវត្ថុ ភាសាបរទេស និងគ្រប់គ្រង ប្រកបដោយការទទួលខុសត្រូវ និងសុទិដ្ឋិនិយម ក្រោមសន្តិភាព និងសាមគ្គីភាពជាតិ ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំនៅពេលអនាគត។
អគ្គនាយកអគ្គិសនីកម្ពុជារូបនេះ បានសម្តែងនូវមោទនភាព ដែលចាប់ពីឆ្នាំ២០១៥ ដល់២០១៨ មាននិស្សិតចំនួន៩៤៨នាក់ ក្នុងនោះមាននារី២៣១នាក់ បានទទួលប្រយោជន៍ពីកម្មវិធីអាហារូបករណ៍របស់សម្តេច ហ៊ុន សែន ដែលគិតជាទឹកប្រាក់សរុបជាង១.២ លានដុល្លារអាមេរិក។
លោកបន្តថា «កម្មវិធីនេះ បានផ្តល់ផលប្រយោជន៍ច្រើនណាស់ដល់និស្សិតក្រីក្រ ពិសេសនិស្សិតជាស្ត្រី ដែលពេលនេះ និស្សិតជាស្ត្រីបានមកសិក្សាផ្នែកអគ្គិសនីកើនឡើងដល់ជិត៥០ភាគរយ ដែលពីមុនមក គឺមានស្ត្រីតិចណាស់ដែលសិក្សាជំនាញនេះ ប៉ុន្តែដោយមានការពន្យល់ជាប្រចាំ ពីថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា ចាប់ផ្តើមមាននិស្សិតជាស្ត្រីច្រើន មកពីតំបន់ជនបទ ដែលមកចាប់យកជំនាញអគ្គិសនីនេះ ហើយនេះជាការវិវត្តន៍ជាវិជ្ជមានមួយ ដល់ប្រទេសកម្ពុជា»។
បើតាមលោក កែវ រតនៈ និស្សិតជានារីក្រីក្រមកពីជនបទ ក្រៅតែពីទទួលបាន ការផ្តល់អាហារូបករណ៍សិក្សាឥតបង់ថ្លៃ១០០%ហើយ ពួកគាត់ថែមទាំងទទួលបានការរៀបចំកន្លែងស្នាក់នៅជូន ដោយឥតគិតថ្លៃផងដែរ៕