(ភ្នំពេញ)៖ នៅឆ្នាំ២០១៧កន្លងទៅនេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានកើនឡើងដល់៥,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលចំនួននេះ បានកើនឡើងប្រមាណ១០ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ នេះបើតាមខ្លឹមសារនៃជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយនាយករដ្ឋមន្ដ្រីថៃ លោក ប្រាយុទ្ធ ចាន់អូឆា នៅវិមានសន្ដិភាព នៅវេលាម៉ោង១៥៖០០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ មុនពេលកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២។
បើតាម លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបខាងលើ បានឱ្យដឹងថា ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់ លោកប្រាយុទ្ធ ចាន់អ៊ូចា ថាទំហំពាណិជ្ជកម្មកម្ពុជា-ថៃ នៅឆ្នាំ២០១៧ បានកើនឡើងដល់៥,៥ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ១០ភាគរយ បើធៀបនឹងឆ្នាំ២០១៦។
ដោយឡែក លោក ប្រាយុទ្ធ ចាន់អ៊ូចា បានសម្តែងភាពរីករាយចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ទាំងកំណើនសេដ្ឋកិច្ច និងទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរផងដែរ ពិសេសការបើកច្រកព្រំដែនស្ទឹងបត់។ លោកបានស្វាគមន៍ចំពោះការតភ្ជាប់ផ្លូវរថភ្លើង រវាងប្រទេសទាំងពីរ ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីថៃ បានស្នើឱ្យកម្ពុជា និងថៃ ជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឱ្យកាន់តែខ្លាំងក្លាថែមទៀត៕