Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី កុយ ពិសី ជំរុញឱ្យមន្រ្តី CPP និងអតីត CNRP ដែលទើបមករួមរស់ជាមួយ​CPP នៅថ្នាក់មូលដ្ឋាន រួមគ្នាបម្រើពលរដ្ឋឱ្យល្អ កុំរើសអើងនិន្នាការ

10-01-2018 16:01

(តាកែវ)៖ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកគីរីវង់ ខេត្តតាកែវ និងជាប្រធានក្រុមការងារចុះជួយឃុំព្រៃអំពក លោកស្រី កុយ ពិសី បានជំរុញឱ្យសមាជិកគណបក្សប្រជាជនកម្ពុជា និងអតីតសមាជិកអតតីគណបក្សសង្រ្គោះជាតិដែលទើបនឹងបានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានឃុំព្រៃអំពក ស្រុកគិរីវង្ស ខេត្តតាកែវ នាថ្មីៗនេះ ត្រូវរួមគ្នាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យល្អ និងមិនត្រូវមានការរើសអើង គណបក្សនយោបាយឡើយ។

ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោកស្រី កុយ ពិសី បានដឹកនាំរៀបចំខួបរំលឹកខួប ៣៩ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករា នៅឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី១០ ខែមករា​ ឆ្នាំ២០១៨នេះ និងបានទទួលទានបាយសាម​គ្គីជាមួយសមាជិក សមាជិការចាស់ថ្មី របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំនេះ។ បន្ទាប់ពីនោះ លោកស្រី បានដឹកនាំមន្រ្តីមួយចំនួន ចុះទៅមើលមណ្ឌលសុខភាពក្នុងឃុំព្រៃអំពក និងបានចុះត្រួតពិនិត្យ ព្រះវិហារ ដែលកំពុងសាងសង់នៅវត្តរតនារាម ហៅវត្តទ្រម៉ូង ដែលព្រះវិហារនោះនឹងសង់រួចរាល់ នាខែឧសភា ឆ្នាំ២០១៨ ខាងមុខ។

លោកស្រី កុយ ពិសី បានបញ្ជាក់ទៀតថា ការសម្រេចចិត្តរបស់ អតីតសមាជិកអតីតគណបក្សសង្រ្គោះជាតិ ក្នុងការមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺជាផ្លូវដ៏ត្រឹមត្រូវបំផុត ដើម្បីចូលរួមបម្រើប្រជាពលរដ្ឋ ព្រោះគណបក្សប្រជាជនកម្ពុជា តែងតែបានរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋខ្មែរគ្រប់ដំណាក់កាល ហើយគណបក្សប្រជាជន គឺជាអ្នកធានាដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកគីរីវង់ បានជំរុញឱ្យ សមាជិកទាំងចាស់និងថ្មី របស់គណបក្ស ប្រជាជនកម្ពុជានៅឃុំនេះ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមការពារសន្តិភាព ដែលកម្ពុជារកមកដល់លំបាក ហើយត្រូវប្រឆាំងដាច់ខាត ចំពោះជនទាំងឡាយដែលព្យាយាមបំផ្លាញដល់សន្តិភាព និងការអភិវឌ្ឍរ​បស់ប្រទេសយើង៕