(ភ្នំពេញ)៖ ដើម្បីពង្រីកធនធានមនុស្ស ការជំរុញឲ្យសិស្សានុសិស្ស និងនិស្សិតកម្ពុជា ទទួលបានចំណេះដឹងបន្ថែម អំពីបែបបទក្នុងការដាក់អាហារូបករណ៍ និងទទួលបានអាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេស ស្ថានទូតធំៗ និងស្ថាប័នផ្ដល់អាហារូបករណ៍ចំនួន៦ និងអតីតនិស្សិតអាហារូបករណ៍ប្រមាណ៩រូប នឹងចូលរួមចែករំលែកបទពិសោធន៍ និងគន្លឹះក្នុងការចាប់យកឱកាសទៅសិក្សានៅក្រៅប្រទេស ក្នុងកម្មវិធីសន្និសីទអាហារូបករណ៍ប្រចាំឆ្នាំលើកទី៦ ដែលរៀបចំឡើងដោយក្រុមហ៊ុន អានុស្សា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
កម្មវិធីសន្និសីទអាហារូបករណ៍ប្រចាំឆ្នាំលើកទី៦នេះ ធ្វើឡើងក្នុងគោលបំណងពង្រីកធនធានមនុស្ស តាមរយៈការជំរុញឲ្យសិស្សានុសិស្ស និងនិស្សិតកម្ពុជា ទទួលបានចំណេះដឹងបន្ថែមអំពី បែបបទក្នុងការដាក់អាហារូបករណ៍ តម្រូវការ និងលក្ខខណ្ឌនៃអាហារូបករណ៍ល្បីៗ ចាប់ពីកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គសិក្សាខ្លី ក៏ដូចជាការបង្កើតភាព ប្រកួតប្រជែងរបស់ពួកគេ ដើម្បីទទួលបាននូវអាត្រាជោគជ័យខ្ពស់ ក្នុងអាហារូបករណ៍ថ្នាក់តំបន់ និងអន្ដរជាតិ។
ស្ថានទូតធំៗ និងស្ថាប័នផ្ដល់អាហារូបករណ៍រួមមាន៖ ស្ថានទូតអង់គ្លេស, ជប៉ុន, អូស្រ្ដាលី, សហភាពអឺរ៉ុប, ស្ថាប័ន, សិក្សាភាសាបារាំង AUF និងអាហារូបករណ៍ប្រទេសនូវែលសេឡង់។ អតីតនិស្សិអាហារូបករណ៍ ដែលនឹងចូលខ្លួនមក ចែករំលែកបទពិសោធន៍មានចំនួន៩រូប៖
១៖ អតីតនិស្សិត សុវណ្ណ រ័ត្នវតី ទទួលបានអាហារូបករណ៍ Australian Award ពីប្រទេសអូស្រ្ដាលី
២៖ អតីតនិស្សិត សាំង រ៉ានី្ន ទទួលបានអាហារូបករណ៍ New Zealand ASEAN ពីប្រទេសនូវែលសេឡង់
៣៖ អតីតនិស្សិត ប៊ូ មល្លិកា ទទួលបានអាហារូបករណ៍ Erasmus ពីបណ្ដាប្រទេសសហភាពអឺរ៉ុប
៤៖ អតីតនិស្សិត ប៉ែន វណ្ណដារ៉ុង ទទួលបានអាហារូបករណ៍ Chevening ពីប្រទេសអង់គ្លេស
៥៖ អតីតនិស្សិត ទ្រី ស៊ីណា ទទួលអាហារូបករណ៍ Chevening ពីប្រទេសអង់គ្លេស
៦៖ អតីតនិស្សិត ហុង ប៊ុនសេង ទទួលអាហារូបករណ៍ New Zealand ASEAN ពីប្រទេសនូវែលសេឡង់
៧៖ អតីតនិស្សិត សោភាន់ ចែត្រា ទទួលអាហារូបករណ៍ MEXT ពីប្រទេសជប៉ុន
៨៖ អតីតនិស្សិត ពៅ សុភក្ដិ ទទួលបានអាហារូបករណ៍ ERASMUS ពីបណ្ដាប្រទេសសហភាពអឺរ៉ុប
៩៖ អតីតនិស្សិត សួស អ៊ឹមស៊ូជីវី ទទួលបានអាហារូបករណ៍ Luther College ពីប្រទេសអាមេរិក។
លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុនអនុស្សាបានថ្លែងឲ្យដឹងថា «នៅថ្ងៃនោះយើងនឹងពិភាក្សាគ្នា អំពីអាហាររូបករណ៍ដែលបានកំណត់ឲ្យដល់និស្សិតកម្ពុជា ជាពិសេសអាហារូបករណ៍ដែលផ្ដល់ដោយថ្នាក់តំបន់ និងថ្នាក់ពិភពលោកទាំងមូល ស្គាល់ពីប្រភេទអាហារូបករណ៍ដែលល្បីៗ មានជាប្រចាំ និងត្រៀមសម្រាប់អាហារូបករណ៍ទាំងអស់នេះផងដែរ»។
លោកបានបញ្ជាក់ទៀតថា ក្នុងមួយឆ្នាំៗអ្នកចូលរួមក្នុងសន្និសីទអាហារូបករណ៍នេះមានចំនួនចាប់ពី១៥០០នាក់ឡើងទៅ ហើយឆ្នាំនេះក៏សង្ឃឹមដូចគ្នាដែរថា នឹងមានអ្នកចូលច្រើនដូចរាល់ឆ្នាំ។ ក្នុងនោះអតីតនិស្សិតអាហារូបករណ៍ទាំង៩នាក់ និងពិភាក្សាគ្នាអំពីរបៀបដែលពួកគាត់បានធ្វើ ឬហៅថាគន្លឹះដើម្បីទទួលបានអាហារូបករណ៍។
អ្នកនាង ប៊ូ មល្លិកា អតីតនិស្សិត ទទួលបានអាហារូបករណ៍ Erasmus ពីបណ្ដាប្រទេសសហភាពអឺរ៉ុប បានថ្លែងឲ្យដឹងដែរថា ដើម្បីទទួលបានអាហារូបករណ៍ដ៏ល្អនេះ ត្រូវរៀបចំរឿងផ្ទាល់ខ្លួនឲ្យបានច្រើន និងត្រូវមើលទៀតថា តើតម្រូវការអ្វីខ្លះដែលអាហារូបករណ៍នីមួយៗ របស់ប្រទេសនីមួយៗតម្រូវឲ្យយើងរៀបចំ៕