(ស្ទឹងត្រែង)៖ នៅដើមឆ្នាំ២០១៨នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានចាត់មន្ត្រីជំនាញផ្នែកបសុព្យាបាលសត្វចុះ ជាបន្ទាន់ដើម្បីជួយសង្គ្រោះសត្វគោ ក្របី របស់ប្រជាពលរដ្ឋ ដែលកំពុងកើតជម្ងឺអ៊ុចក្តាម ឆ្លងពីមួយទៅមួយ ហើយករណីនេះ បើខ្វះការថែទាំវាអាចឲ្យគោ ក្របី ងាប់ក្នុងរយៈពេលមួយសប្តាហ៍តែប៉ុណ្ណោះ។
ស្ថិតក្នុងសកម្មភាពចាក់វ៉ាក់សាំងការពារ ជម្ងឺ ឆ្លងសត្វ នៅក្រុងស្ទឹងត្រែងថ្មីៗនេះ លោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានបញ្ជាក់ថា គោ ក្របី ដែលកើតជម្ងឺអ៊ុចក្តាមនេះ វាធ្វើឲ្យសត្វដំបៅក្រចកជើង ដំបៅមាត់ ហៀរសំបោរ ពងបែកអណ្តាត ស៊ីអាហារមិនកើត និងអាចធ្វើឲ្យសត្វងាប់បាន បើកាលណាយើងមិនបានថែទាំ និងចាក់ថ្នាំព្យាបាលឲ្យបានទាន់ពេលនោះ។
លោក លៀង សេង បញ្ជាក់ថា ម្ចាស់សត្វនីមួយៗ នៅពេលគោ ក្របី ប្រសិនបើកើតមានជម្ងឺឆ្លងនេះ សូមឲ្យរាយការជាបន្ទាន់ ទៅកាន់មន្ត្រីពេទ្យសត្វ នៅតាមភូមិហើយ មន្ទីរកសិកម្ម និងបញ្ជូនភ្នាក់ងារបសុព្យាបាលសត្វ ចុះទៅជួយអន្តរាគមន៍បន្ថែមទៀត ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាលពីមួយទៅមួយ។
លោកបន្តទៀតថា ក្រោយពីសកម្មភាពព្យាបាល និងចាក់វ៉ាក់សាំងការពារជម្ងឺឆ្លងមន្ត្រី និងបន្តចុះទៅតាមស្រុកគោលដៅមួយចំនួនទៀត ដែលមានគោ ក្របី ច្រើនដូចជាស្រុកសៀមប៉ាងសេសាន និងស្រុកថាឡាបរិវ៉ាត់ផងដែរ។
លោក កោះ សុខ កសិករចិញ្ចឹមគោ នៅភូមិលើសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង បានគាំទ្រចំពោះសកម្មភាព ចុះមកអន្ដរាគមន៍ទប់ស្កាត់ជម្ងឺនេះ ព្រោះប្រជាពលរដ្ឋអ្នកចិញ្ចឹមគោសព្វថ្ងៃ តែងតែចង់ចៀសវាង មិនឲ្យមានជម្ងឺចង្កាត់លើសត្វគោក្របីរបស់ខ្លួន។ ព្រមទាំងព្យាបាលគោ ក្របី ដល់មូលដ្ឋានដោយឥតគិតថ្លៃ និងបានផ្តល់ថ្នាំវ៉ាក់សាំង សម្រាប់ទុកចាក់ការពារ បន្ថែមផងដែរ។
គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជម្ងឺ ឆ្លងសត្វ គោ ក្របី នៅដើមខែមករានេះ មន្ត្រីបសុព្យាបាលសត្វ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយព្យាបាលសត្វគោ បានចំនួន២១៣ក្បាល និងសត្វក្របីចំនួន៤១ក្បាល ព្រមទាំងចាក់វ៉ាក់សាំង ការពារសត្វគោបាន ចំនួន៧៦៧ក្បាល និងសត្វក្របីបានចំនួន២២៥ក្បាល៕