(រតនគិរី)៖ ថ្លែងទៅកាន់អភិបាលស្រុកថ្មី នៃស្រុកកូនមុំ ដែលទើបតែចូលកាន់តំណែង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី ណែនាំឲ្យយកចិត្តទុកដាក់ក្នុងការងារ ហើយត្រូវគិតពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។
ទន្ទឹមនឹងនោះត្រូវពង្រឹងកិច្ចសហការ និងទំនាក់ទំនងជាមួយស្ថាប័ន អង្គភាព នានាឲ្យបានល្អប្រសើរ ពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ទាន់ពេលវេលា ប្រកបដោយតម្លាភាព ហើយក្នុងនាមអ្នកផ្តល់សេវា គណៈអភិបាលស្រុកត្រូវ ចុះជួបជាមួយប្រជាពលរដ្ឋឲ្យបានញឹកញ៉ាប់ ដើម្បីស្វែងយល់អំពីសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ។ នេះជាការបញ្ជាក់បន្ថែម របស់លោកអភិបាលខេត្តរតនគិរី។
សូមបញ្ជាក់ថា លោក សេក ហៃ នាយករដ្ឋបាលសាលាខេត្ត ត្រូវបានតែងតាំងជាអភិបាលស្រុកកូនមុំ ជំនួសលោក ឈឿន ចាន់ធាន ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់សាលាខេត្តរតនគិរី លោក សាយ ចំរើន នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត និងលោកស្រី មឿង ម៉ាឡា អភិបាលរងក្រុងបានលុង ត្រូវបានតែងតាំងជាអភិបាលរងស្រុកកូនមុំ ជំនួសលោក ពុធ ដានី និងលោកស្រី សេង ចាន់បូរ ដែល ត្រូវបានផ្ទេរភារកិច្ច ទៅកាន់តួនាទីជាអភិបាលរងក្រុងបានលុង និងតែងតាំងលោក ហ៊ិន វិន ជាអភិបាលរងស្រុកកូនមុំ សម្រាប់អាណត្តិទី២៕