(សៀមរាប)៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងផែនកណ្តាលសន្តិសុខដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនសន្តិសុខ ដោយមានការចូលរួម សហការពីកម្លាំងផ្នែកសន្តិសុខក្រុង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះប្រមូលជនសង្ស័យ ដែលធ្វើសកម្មភាពក្លែងបន្លំ ជាសង្ឃ ដើរបិណ្ឌបាតតាមទីផ្សារ ទីសាធារណៈ និងដេកស្នាក់នៅតាមផ្ទះសំណាក់ ក្នុងក្រុងសៀមរាប យ៉ាងអនាធិតេយ្យបានចំនួន១៩នាក់ និងកុមារាម្នាក់ (កូនសិស្សលោក)។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានថ្លែងប្រាប់ភ្នាក់ព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ឲ្យមានការតាមសំនូមពររបស់ព្រះអនុគុណក្រុងសៀមរាប ព្រះវិន័យធម៌ រួមទាំងធម្មការក្រុងសៀមរាប និងការអនុញ្ញាត របស់លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប កម្លាំងរបស់លោកបានដើរប្រមូល និងឃាត់ខ្លួនជនសង្ស័យបានចំនួន១៩នាក់ និងក្មេងប្រុសម្នាក់ កំពុងធ្វើសកម្មភាពបង្កភាពអនាធិបតេយ្យនៅទីសាធារណៈ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានបន្តថា ជនសង្ស័យទាំងអស់នោះរួមមានទី១៖ យ៉ាន ធន ស្រុកកំណើតភូមិត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង, ទី២៖ ឈ្មោះ ហុក ពិសី នៅខេត្តព្រះវិហារ, ទី៣៖ ឈ្មោះ សាត សំអូន នៅខេត្តតាកែវ, ទី៤៖ ឈ្មោះ ហម ហៀង នៅខេត្តកំពង់ស្ពឺ, ទី៥៖ ឈ្មោះ តូច ឡ នៅបាត់ដំបង, ទី៦៖ ឈ្មោះ សៅ សុភាព, ទី៧៖ គឺ សូរ, ទី៨៖ ឈ្មោះ គឺ លី, ទី៩៖ ឈ្មោះ យូ ពិសិទ្ធ,ទី១០៖ ឈ្មោះ យឿន សាយន្ត, ទី១១៖ ដួង ដានី, ទី១២៖ ម៉ាប់ ប៉ាលី, ទី១៣៖ ឈ្មោះ ឈៀង ណាក់, ទី១៤៖ ផុន សុផាត, ទី១៥៖ ឈ្មោះ យី ហង់, ទី១៦៖ ឈ្មោះ វុន សឿន, ទី១៧៖ ឈ្មោះ អ៊ុត ណុន, ទី១៨៖ ឈ្មោះ សារី រ័ត្ន និងទី១៩៖ ឈ្មោះ ពោ សុភក្ត្រ័។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានបញ្ជាក់ថា បន្ទាប់ពី អនុគុណ និងធម្មការក្រុង/ខេត្តសៀមរាប ធ្វើការបកស្បង់ ហើយប្រគល់ឲ្យសមត្ថកិច្ចការសាកសួរ និងពិនិត្យទឹកនោមរកសាធាតុញៀន រកឃើញជនសង្ស័យចំនួន២នាក់ មានផ្ទុកសារធាតុញៀន មនុស្ស១៧នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់។ ចំណែកកុមារាម្នាក់ ត្រូវកម្លាំងជំនាញបញ្ជូនទៅអង្គការកល្យាមិត្តថែរក្សាជាបណ្តោះអាសន្ន៕