(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក ហេង សុខណា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ បានបើកសវនាការរឿងក្តីឧកញ៉ា ជួប ច័ន្ទ ចំពោះមុខជនជាប់ចោទ។ ប៉ុន្តែក្រោយបញ្ចប់សវនាការ តុលាការលើកពេលប្រកាសសាលក្រមទៅថ្ងៃទី៣០ ខែមករា ខាងមុខនេះ។
មន្ត្រីតុលាការថ្លែងថា អង្គហេតុដែលតុលាការចោទប្រកាន់ឧកញ៉ា ជួប ច័ន្ទ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់គឺផ្ដើមចេញឧកញ៉ា ជួប ច័ន្ទ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន គឹម កៅ ក្នុងការបង្វិលប្រាក់សងមកក្រុមហ៊ុន គឹម កៅ ចំនួន៣លាន៥សែនដុល្លារ។
ក្នុងនោះឧកញ៉ា ជួប ច័ន្ទ បានចេញមូលប្បទានបត្រមួយសន្លឹកលេខ០៥៨៩៦០០ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ របស់ធនាគារកម្ពុជាពាណិជ្ជចំកាត់ ដែលមានតម្លៃមួយលានដុល្លារ ដែលសែកនោះ បានកំណត់ថ្ងៃបើកប្រាក់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។ ប៉ុន្តែដល់ថ្ងៃកំណត់បើកប្រាក់ស្រាប់តែខាងធនាគារ បញ្ជាក់ថា គណនីនោះពុំមានប្រាក់ទេ ទើបក្រមហ៊ុន គឹម កៅ ដាក់ពាក្យប្ដឹងតែម្ដង។
ចំពោះបទចោទប្រកាន់នេះជនជាប់ចោទ ជួប ច័ន្ទ បានសារភាពថា នៅអំឡុងឆ្នាំ២០០៨ ក្រុមហ៊ុន គឹម កៅ បានរកស៊ីជាមួយក្រុមហ៊ុនរតនសម្បត្តិ ក្នុងការទិញលក់ ស.ជ.ណ នៃដីសម្បទានតំបន់T87 ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមានតម្លៃរួមចំនួន១១លានដុល្លារ។ ក្នុងនោះការអនុវត្ត ស.ជ.ណ ទី១ លេខ០៤ ក្រុមហ៊ុន គឹម កៅ បានប្រគល់ប្រាក់ចំនួន ៤ ៩៧០ ០០០ ដុល្លារ តាមរយៈឧត្តមសេនីយ៍ ជា តារា និងឧកញ៉ា ឌឿន សុវណ្ណ និងបន្តមកអនុវត្ត ស.ជ.ណ ទី២លេខ០៤៥។ ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនអាចអនុវត្តបានទេដោយ សាររាជរដ្ឋាភិបាល បាននិរាករណ៍ចោល សជណ នោះហើយប្រគល់ដីឱ្យប្រជាពលរដ្ឋអភិវឌ្ឍនៅនឹងកន្លែង ។
ឧកញ៉ា ជួប ច័ន្ទ សារភាពទៀតថា ដោយសារមានការខាតបង់យ៉ាងសម្បើមនេះ ក្រុមហ៊ុនរតនសម្បត្តិ បានព្រមព្រៀងប្រគល់ប្រាក់ចំនួន៣លាន៥សែនដុល្លារមកក្រុមហ៊ុន គឹម កៅ វិញល្គឹកណាក្រុមហ៊ុន គឹម កៅ ផ្ទេរ ស.ជ.ណ ដែលនិរាករណ៍នោះមកក្រុមហ៊ុនរតនសម្បត្តិវិញ។ ប៉ុន្តែខាងក្រុមហ៊ុន គឹម កៅ មិនបានអនុវត្តការផ្ទេរនោះទេ។
ទោះបីជាយ៉ាងណានៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ខ្លួនបានចុះកិច្ចព្រមព្រៀងថ្មីជាមួយក្រុមហ៊ុន គឹម កៅ ក្នុងការបង្វិលប្រាក់ចំនួន៣លាន៥សែនដុល្លារ មកឱ្យក្រុមហ៊ុនជាដើមបណ្ដឹងវិញ តាមរយៈសែកមួយសន្លឹកលេខ០៥៨៩៦០០ មកឱ្យក្រុមហ៊ុន គឹម កៅ ដោយកំណត់បើកប្រាក់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។ ប៉ុន្តែសែកនោះគ្រាន់តែតម្កល់តែប៉ុណ្ណោះមិនអាចបើកប្រាក់បានទេ ព្រោះមិនមានបោះត្រាក្រុមហ៊ុនរតនសម្បត្តិ។
បន្ទាប់មកខ្លួនបានប្ដឹងមកតុលាការសុំដីការក្សាការពារដើម្បីកុំឱ្យភាគីក្រុមហ៊ុន ជាដើមបណ្ដឹងយកសែកនោះទៅបើកប្រាក់។ ប៉ុន្តែខ្លួន មិនបានប្ដឹងសុំរំលាយកិច្ចព្រមព្រៀង និងសែកមួយសន្លឹកមានតម្លៃមួយលានដុល្លារនោះទេ ក្រោយមកក្រុមហ៊ុន គឹម កៅ ក៏យកករណីសែកមកប្ដឹងតែម្ដង។
លោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យបានគូសបញ្ជាក់ថា ការឆ្លើយដោះសាររបស់ជនជាប់ចោទគ្រាន់តែជាចេតនាគេចវេសមិនទទួលខុសត្រូវលើអំពើល្មើសរបស់ខ្លួនប៉ុណ្ណោះ ជាការពិតជនជាប់ចោទមានចេតនាប្រព្រឹត្ត ការចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ដែលច្បាប់កំណត់អោយផ្តន្ទាទោស។
សូមបញ្ជាក់ថា ឧកញ៉ា ជួប ច័ន្ទ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់លោក លីវ វុទ្ធី តំណាងឱ្យក្រុមហ៊ុន គឹម កៅ ដែលជាកូនប្រុសលោកឧកញ៉ា គឹម ហាប់ ថាបានចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ចំនួនមួយលានដុល្លារអាមេរិក កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥។
យ៉ាងណាក៏ដោយសម្រាប់ដំណើររឿងនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបកស្រាយពីជនត្រូវចោទនៅឡើយ ចំពោះការចោទប្រកាន់ពីខាងភាគីក្រុមហ៊ុន គឹម កៅ៕