(កូរ៉េ)៖ គណៈកម្មាធិការគណបក្សប្រចាំសាធារណរដ្ឋកូរ៉េ និងក្រុមការងារកសាងពង្រឹង គណបក្សប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំមីទ្ទីញខួបអនុស្សាវរីយលើកទី៣៩ ទិវាជ័យជម្នះ៧មករា នៅក្រុងស៊ូវ៉ុន សាធារណរដ្ឋកូរ៉េ ក្នុងបរិយាកាសរីករាយ អធិកអធមបង្កប់ដោយអត្ថន័យខ្ពស់ដោយបានអញ្ជើញសមាជិក-សមាជិកា និងភ្ញៀវកិត្តិយសចូលរួមបានចំនួន៥០០នាក់។
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង បានថ្លែងបញ្ជាក់ថា «ស្មារតីនៃជ័យជម្នះថ្ងៃ៧មករា នៅតែដក់ជាប់ក្នុងក្រអៅបេះដូង ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ»។
ទន្ទឹមនឹងការប្រារពមីទ្ទីញ គណៈកម្មាធិការគណបក្ស ក៏បានរៀបចំសន្និបាតប្រចាំឆ្នាំ ដើម្បីបូកសរុប ត្រួតពិនិត្យរបាយការណ៍សកម្មភាពការងារ របស់គណៈកម្មាធិការគណបក្សឆ្នាំ២០១៧ និងលើកទិសដៅសកម្មភាពការងារ ឆ្នាំ២០១៨ និងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ យុវជនគណបក្ស ក្រុមការងារស្រ្តីគណបក្ស និងក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ដើម្បីជាសេនាធិការស្នូលសំខាន់ ក្នុងការពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត។
អំឡុងពេលមីទ្ទីញកំពុងដំណើរការក្រុមការងារ បានរៀបចំបញ្ចាំងវីដេអូឯកសារប្រវត្តិសាស្រ្តជាច្រើន ជាពិសេសវីដេអូដែលមានចំណងជើងថា «ដំណើរទៅរកការសង្រ្គោះជាតិ» ដោយទាញយកចំណុចសំខាន់ៗដើម្បីបញ្ជាំង ហើយសង្កេតឃើញមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ខ្លាំងពីអង្គមីទ្ទីញចូលរួម៕