(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសបើកសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី នៅបណ្ឌិត្យសភានគរបាលកម្ពុជា នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទៅស្នងការរាជធានី-ខេត្តទាំង២៥ ត្រូវតែបញ្ជូនមន្ត្រីនគរបាលណាដែល មិនទាន់ទទួលការបណ្តុះបណ្តាលសាលាប៉ូលីស ហើយមិនត្រូវបញ្ជូនមន្ត្រីនគរបាលណា ដែលបានទទួលការបណ្តុះបណ្តាលម្តងហើយ មកទទួលការបណ្តុះបណ្តាលម្តងទៀតនោះទេ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថា «កាលពីមុនបើស្នងការ នគរបាលខេត្តណាមួយ ពេញចិត្តនឹងមន្រ្តីប៉ូលិសរូបណា គឺទុកឲ្យនៅបម្រើខ្លួន តែបើមិនពេញចិត្តទេ នឹងបញ្ជូនមករៀន វគ្គបណ្តុះបណ្តាល នៅសាលាភូមិន្ទរដ្ឋបាល ប៉ុន្តែបញ្ហាទាំងអស់នេះ គឺបានកែប្រែហើយ»។
សម្តេច ស ខេង បានថ្លែងថា ពីមុនក្រសួងមហាផ្ទៃ បានទុកលទ្ធភាពឲ្យអង្គភាពនីមួយៗ បញ្ជូនឈ្មោះមន្រ្តីប៉ូលិស មករៀនវគ្គបណ្តុះបណ្តាល នៅសាលាភូមិន្ទរដ្ឋបាល ប៉ុន្តែការបើកសិទ្ធិឲ្យស្នងការ ចាត់តាំងមករៀនដោយខ្លួនឯងមិនអាចទៅរួច ព្រោះបើលោកស្នងការពេញចិត្ត លើមន្រ្តីប៉ូលិសណាមួយ គឺទុកឲ្យនៅជាមួយដើម្បីប្រើ ហើយបើមិនពេញចិត្តទេ នឹងបញ្ជូនមករៀន។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «អ្នកដែលរៀនចប់ ពេលដែលត្រឡប់ទៅអង្គភាពវិញ ក៏គាត់ (ស្នងការ) មិនប្រើ នៅពេលមានវគ្គរៀនសូត្រឲ្យមករៀនទៀត អីចឹងអ្នករៀន គិតតែពីរៀន អ្នកធ្វើគិតតែពីធ្វើ នេះមិនធម្មតាទេ បញ្ហានេះយើងបានកែចំណុចនេះ។ ឥឡូវយើងចង្អុលហៅតែម្តង ដែលនាយកដ្ឋានបុគ្គលិក និងនាយកដ្ឋានដទៃទៀត ដែលគ្រប់គ្រងកម្លាំងនគរបាល គឺជាអ្នកដែលសម្រេចបញ្ហានេះ»។
ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា ក្រសួងមហាផ្ទៃ បានកំពុងធ្វើការកំណែទម្រង់គ្រប់អង្គភាពទាំងអស់ ហើយមន្រ្តីនគរបាលទាំងអស់ ត្រូវតែមានជំនាញជានគរបាល និងត្រូវតែចូលសាលាជាមុនសិន ទើបបានអនុញ្ញាតឲ្យធ្វើការនៅតាមអង្គភាពរបស់ខ្លួន។
នៅក្នុងឱកាសសម្ពោធនេះផងដែរសម្ដេច ស ខេង បានលើកឡើងថា អគារសិក្សាថ្មីនេះ គឺជាសមិទ្ធផលនៃការងារកំណែទម្រង់ផ្នែកកងកម្លាំងនគរបាលជាតិព្រោះថា ដើម្បីឲ្យការបណ្ដុះបណ្ដាល មានគុណភាព លុះត្រាតែអង្គភាពបណ្ដុះបណ្ដាលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាពិសេសមានហេដ្ឋារចនាសម្ព័នគ្រប់គ្រាន ដូចជា អគារសិក្សាជាដើម និងមូលដ្ឋានសម្ភារផ្សេងៗទៀត ដើម្បីគាំទ្រដល់ការងារបណ្ដុះបណ្ដាលថ្លែងនៅក្នុងកម្មវិធីនោះដែរនាយឧត្ដមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានបញ្ជាក់ថា អគាសិក្សានេះ មានលក្ខណ:ស្របតាមស្ដង់ដាអប់រំ ដែលបង្ហាញអំពីឧត្តមភាព និងកិត្យានុភាពរបស់បណ្ឌិត្យសភា អាចប្រៀបធៀបបានជាមួយ និងអគារសិក្សានៃបណ្ឌិត្យសភានគរបាលប្រទេសមួយចំនួនផងដែរ៕