(ភ្នំពេញ)៖ អ្នកព័ត៌មានជាតិ និងអន្តរជាតិ ជាពិសេសអ្នកព័ត៌មានពីប្រទេសចិន និងប្រទេសបណ្តោយដងទន្លេមេគង្គជាច្រើននាក់ កំពុងតាមដាន និងប្រមាញ់ព័ត៌មាននៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជានារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ យ៉ាងមមាញឹកជាមួយការយកចិត្តទុកដាក់បំផុត។
ក្នុងបន្ទប់ព័ត៌មានអ្នកព័ត៌មានជាតិ និងអន្តរជាតិ បានញាប់ដៃញាប់ជើងក្នុងការផលិតជាព័ត៌មាន ក៏ដូចជាបញ្ជូនរូប និងរៀបចំចងក្រងជាវីដេអូព័ត៌មានពាក់ព័ន្ធកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ដើម្បីផ្សព្វផ្សាយ ក៏ដូចជាបញ្ជូនទៅកាន់អង្គភាពរបស់ពួកគេ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងត្រូវចាប់ផ្តើមឡើងនៅវេលាម៉ោងប្រមាណ ៤រសៀលថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលមួយនេះ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ លោក មិន ស្វេ អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នឹងធ្វើឡើងនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្តក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ។
កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២នេះ ក៏នឹងពិភាក្សាផ្តោតសំខាន់ដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសអនុតំបន់ ការធ្វើឲ្យប្រសើរឡើងសុខុមាលភាពប្រជាជន ការបំព្រួញគំលាតអភិវឌ្ឍន៍ក្នុងចំណោមប្រទេស ដើម្បីគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកសារសំខាន់ៗចំនួន៤ ត្រូវបានគេរំពឹងថា នឹងសម្រេចបាននៅក្នុងកិច្ចប្រជុំនេះ រួមមាន៖
១៖ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២
២៖ ផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)
៣៖ បញ្ជីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដំណាក់កាលទី២
៤៖ របាយការណ៍ស្តីពីវឌ្ឍនភាពរបស់ក្រុមការងាររួមតាមវិស័យអាទិភាពទាំង៦
សូមបញ្ជាក់ដែរថា តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ កាលពីខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ចិនបានផ្តល់ជំនួយជាង ៧.៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អនុវត្តគម្រោងសំខាន់ចំនួន១៦ នៅកម្ពុជាក្នុងដំណាក់កាលទី១។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមួយនេះ គឺជាមោទនភាពមួយសម្រាប់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល។ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក ក្នុងជំនួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន មុនកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងចាប់ផ្តើមនោះ ក៏បានលើកឡើងផងដែរ កិច្ចប្រជុំនេះ នឹងធ្វើឲ្យកិត្យានុភាពកម្ពុជាល្បីរន្ទឺនៅក្នុងតំបន់ និងឆាកអន្តរជាតិផងដែរ៕