(ព្រះវិហារ)៖ លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណកម្មការទទួលបន្ទុក ទំនាក់ទំនងអន្តរជាតិរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តផែនការភូមិស គ្មានគ្រឿងញៀន និងពិធីប្រគល់ទទួលសម្ភារៈ សម្រាប់ការិយាល័យទំនាក់ទំនងព្រំដែន BLO និងភូមិស ដែលបានអនុវត្តនៅខេត្តព្រះវិហារ។
កិច្ចប្រជុំនោះមានការចូលរួមពីតំណាងក្រសួងការពារជាតិ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា អភិបាលខេត្ត គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ស្រុកជាំក្សាន ស្រុកឆែប ឃុំកំពង់ស្រឡៅ ឃុំជាំក្សាន និងតំណាងភាគីថៃ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោក អ៊ុន ចាន់ដា អភិបាល និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារ បានថ្លែងថា ខេត្តព្រះវិហារមិនមែនជាខេត្តផលិត ដាំដុះគ្រឿងញៀនទេ តែជាខេត្តរងគ្រោះពីបញ្ហាគ្រឿងញៀន ដោយមានការលាក់លួចប្រើប្រាស់ដែលហូរចូលពីខាងក្រៅខេត្ត តែទោះជាយ៉ាងណាខេត្តបានខិតខំប្រឹងប្រែងទប់ស្កាត់ និងចូលរួមអនុវត្តនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំងលើកទី១ និងលើកទី២ ពិសេសវិធានការទាំង៥មាន វិធានការអប់រំ វិធានការរដ្ឋបាល វិធានការអនុវត្តច្បាប់ វិធានការព្យាបាល ស្តារនីតិសម្បទា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ យ៉ាងសកម្មផុលផុសទទួលបានការគាំទ្រសហការពីប្រជាលរដ្ឋ និងអ្នកពាក់ព័ន្ធក្នុងខេត្ត។
ជាមួយគ្នានោះ លោក កៅ ខុនដារ៉ា ការបង្កើតផែនការភូមិស គ្មានគ្រឿងញៀននៅតាមតំបន់ព្រំដែន គឺជាគំនិតផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយត្រូវបានទទួលការគាំទ្រ និងឯកភាពគ្នាជាផ្លូវការ ដោយដាក់ចេញជាផែនការរួម ដើម្បីអនុវត្តនៅក្នុងប្រទេសនីមួយៗ កាលពីក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីត្រីភាគីថៃ-កម្ពុជា-ឡាវ កាលបានប្រព្រឹត្តិទៅកាលពីខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ នៅខេត្តអូប៊ុន ប្រទេសថៃ។
លោក កៅ ខុនដារ៉ា បានថ្លែងការកោតសរសើរ និងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធ ដែលបានរួមគ្នាខិតខំអនុវត្តការងារតាមផែនការដែលបានដាក់ចុះនិងបានណែនាំឲ្យអ្នកពាក់ព័ន្ធ ខិតខំអនុវត្តនូវផែនការសកម្មភាពនេះបន្ថែមទៀត ដើម្បីប្រែក្លាយភូមិទាំងពីរ ក្លាយជាភូមិគំរូគ្មានគ្រឿងញៀនសម្រាប់ពង្រីកបន្តទៅបង្កើតភូមិស នៅភូមិដទៃទៀតជាប់ព្រំដែនកម្ពុជា-ថៃ។
លោកបានស្នើសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចអនុវត្តនៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ជម្រុញដល់អង្គភាពដែលជាខ្សែបណ្តោយនៅក្នុងមូលដ្ឋាន អនុវត្តឲ្យកាន់តែបានសកម្មនូវរាល់សកម្មភាព ដូចមានកំណត់ផែនការភូមិស គ្មានគ្រឿងញៀន។
បន្ថែមពីនេះ លោក កៅ ខុនដារ៉ា បានប្រគល់ជូននូវសម្ភារៈការិយាល័យ BLO ចំនួន២កន្លែង និងភូមិសបីភូមិ ហើយត្រូវថែរក្សាសម្ភារៈ និងប្រើប្រាស់ក្នុងការបម្រើការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យមានប្រសិទ្ធិភាព ដូចជា៖ សម្រាប់ BLO ២មាន កុំព្យូទ័រលើតុ២ អាគុយកុំព្យូទ័រ២ ម៉ាស៊ីនព្រិនឯកសារ-ខ្មៅ២ អាយកូមស្តង់ដារ២សម្រាប់ កែវយិតមើលថ្ងៃ-យប់៤គ្រឿង អាយកូមកាន់ដៃ៨ និងម៉ូតូ៤គ្រឿង។ ភូមិស បីភូមិ មានអាយកូមស្តង់ដារ៣សម្រាប់ អាយកូមកាន់ដៃ៦ ម៉ូតូ៣គ្រឿង តេស្តទឹកនោមរកសារធាតុញៀន៧,២០០តេស្ត។
ជាមួយគ្នានោះ ក៏បានចែកនូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនមន្រ្តីនគរបាលចំនួន១២រូប ដែលបានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសគ្រឿងញៀនតាមប្រព័ន្ធកុំព្យួទ័រ (eLearning) ដែលកម្មវិធីបណ្តុះបណ្តាលរបស់ការិយាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្មសហប្រជាជាតិ (UNODC) និងបានផ្តល់ថវិកាឧបត្ថម្ភលេខាធិការគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀខេត្ត ១លានរៀល ស្នងការនគរបាល១លានរៀល អាវុធហត្ថខេត្ត១លានរៀល និងសឹករងខេត្ត១លានរៀលផងដែរ៕