(ភ្នំពេញ)៖ លោក ង្វៀង សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម នៅវេលាថ្ងៃត្រង់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ បានថ្លែងកោតសរសើរដល់ប្រទេសកម្ពុជាចំពោះការរៀបចំ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២នេះ។ លោកជឿជាក់ថា ការធ្វើជាម្ចាស់ផ្ទះមេគង្គ-ឡានឆាងនាពេលនេះ នឹងលើកកិត្យានុភាពប្រទេសកម្ពុជាបន្ថែមទៀតទាំងនៅក្នុងតំបន់ និងនៅក្នុងពិភពលោក។
ការសម្តែងការកោតសរសើររបស់នាយករដ្ឋមន្រ្តីវៀតណាមចំពោះកម្ពុជានេះ បានធ្វើឡើងក្នុងជំនួបសម្តេចការគួរសមជាមួយ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្ដិភាព នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ មុនពេលកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចជំនួបនេះ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកនាយករដ្ឋមន្រ្តីវៀតណាម បានគូសបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន ថាការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងនេះ គឺលោកមានសុទិដ្ឋិនិយមថា នឹងទទួលជោគជ័យយ៉ាងត្រចះត្រចង់។ លើសពីនេះទៅទៀត នឹងលើកកិត្យានុភាពកម្ពុជាទាំងនៅក្នុងតំបន់ និងនៅក្នុងពិភពលោក។
នៅក្នុងជំនួបនោះ លោក ង្វៀង សួនហ្វុក ក៏បានសម្តែងភាពរីករាយចំពោះទំហំពាណិជ្ជកម្មប្រទេសទាំងពីរ នៅឆ្នាំនេះ ដែលកើនឡើងដល់៣.៨ពាន់លានដុល្លារផងដែរ ហើយចំនួននេះបានកើនឡើង២៥ភាគរយ បើធៀបនឹងឆ្នាំទៅវិញ។ ឆ្នាំនេះ វៀតណាមបាននាំទំនិញកម្ពុជាចូលវៀតណាម ជាង១ពាន់លានដុល្លារផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះវត្តមាន លោក ង្វៀង សួនហ្វុក នៅកម្ពុជាពេលនេះ។ សម្តេចបានចាត់ទុកថា ការចូលរួមរបស់ លោកនាយករដ្ឋមន្រ្តីវៀតណាម នឹងពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរបន្ថែមទៀត ពិសេសនឹងធ្វើឱ្យសន្និសីទនេះទទួលបានជោគជ័យជាមិនខាន។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមឡើងនៅវិមានសន្តិភាព នៅ៤៖០០រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាន។ កិច្ចប្រជុំនេះ ក៏នឹងមានការអញ្ជើញចូលរួមពី លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ លោក មិន ស្វេ អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។
កិច្ចប្រជុំកំពូលថ្នាក់តំបន់នេះ នឹងធ្វើឡើងក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្ត ក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ៕