(ភ្នំពេញ)៖ ជាមួយនឹងការច្រានចោលចំពោះការចុះផ្សាយអំពីការធ្លាយឯកសារសម្ងាត់ដោយវិទ្យុអាស៊ីសេរី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ពុំបានដាក់ចេញយុទ្ធសាស្រ្តអ្វីឡើយ ពាក់ព័ន្ធនឹងជំនួយដល់គណបក្សតូចៗ។
លោក សួស យ៉ារ៉ា បានពន្យល់ថា ក្នុងការប្រកួតប្រជែង និងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺគណបក្សនយោបាយនីមួយៗ ត្រូវតែពង្រឹងភាពឈ្នះរៀងៗខ្លួន។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ចំពោះការមិនជួយគណបក្សតូចៗនោះ ក៏មិនមែនជាយុទ្ធសាស្ត្រអ្វីដែរ ព្រោះគណបក្សនីមួយៗ ត្រូវពង្រឹងភាពឈ្នះរបស់ខ្លួន សម្រាប់អនុវត្តលិទ្ធិប្រជាធិបតេយ្យ និងជាការប្រកួតប្រជែង»។
ការអះអាងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី បានចុះផ្សាយអំពីសារសម្ងាត់មួយ នៅយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ម្សិលមិញ ដែលអះអាងថាជារបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប៉ុន្តែព័ត៌មាននេះត្រូវបានបដិសេធ ដោយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល តែម្តង។
ដោយមិនបានបញ្ជាក់អំពីប្រភពនៃសារនោះឱ្យច្បាស់លាស់ វិទ្យុអាស៊ីសេរី បានអះអាងថា ក្នុងសារសម្ងាត់នោះ និយាយពីគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា បើកកិច្ចប្រជុំសម្ងាត់នៅឯកោះពេជ្រវិញបង្ហាញពីផែនការសកម្មភាពសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ រួមមានឈប់ផ្ដល់ជំនួយដល់គណបក្សតូចៗ ប៉ុន្តែធ្វើយ៉ាងណាឲ្យគណបក្សទាំងនោះ ចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សតែមួយគត់ដែលរឹងមាំ និងតំណាងអោយផលប្រយោជន៍ជាតិ ប្រជាជន ពិសេសអ្នកបោះឆ្នោតនៅគ្រប់ដំណាក់កាល នៃការលំបាកទាំងឡាយ រួមសុខ រួមទុក្ខជាមួយប្រជាជនដ៏ពិតប្រាកដ។ នេះបើតាម លោក សួស យ៉ារ៉ា៕