(ភ្នំពេញ)៖ ក្នុងឱកាសដែលអញ្ជើញចូលកាន់តំណែង ជាអនុប្រធានទី១ អាជ្ញាធរមីនថ្មី លោកទេសរដ្ឋមន្រ្តី លី ធុជ បានប្រកាសអំពីផែនការការងារ អាទិភាពចំនួន៧ចំណុច ដែលអាជ្ញាធរមីនត្រូវអនុវត្ដនាពេលខាងមុខនេះ។
ពិធីប្រកាសចូលកាន់តំណែងថ្មីនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន និងជារដ្ឋមន្រ្តីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨។
ពិធីនេះ មានអញ្ជើញចូលរួម ពីលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកទេសរដ្ឋមន្រ្តី សេរី កុសល ទទួលបន្ទុកបេសកកម្ម ពិសេស អនុប្រធានអាជ្ញាធរ ដោះស្រាយទំនាស់ដីធ្លី, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន, លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិកា កាកបាទក្រហមកម្ពុជា, តំណាង UNDP ប្រចាំនៅកម្ពុជា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ផែនការការងារ អាទិភាពចំនួន៧ចំណុច ដែលលោកទេសរដ្ឋមន្រ្តី លី ធុជ ដាក់ឲ្យអាជ្ញាធរមីន ត្រូវអនុវត្ដនាពេលខាងមុខនេះ រួមមាន៖
១៖ ប្រកាស និងផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្រ្តជាតិ វិស័យសកម្មភាពមីន ២០១៨-២០២៥ ដែលរាជរដ្ឋាភិបាល ទើបបានអនុម័តនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នាថ្មីៗនេះ។
២៖ រៀបចំផែនការកៀរគរធនធាន ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តជាតិ។
៣៖ រៀបចំផែនការ ការងារយុទ្ធសាស្រ្ត និងទិសដៅទៅមុខ រួមទាំងរៀបចំ កម្មវិធីបណ្តុះបណ្តាលសមត្ថភាព ភាពជាអ្នកដឹកនាំ និងគ្រប់គ្រងកែលម្អប្រព័ន្ធ និងរបៀបរបបធ្វើការ នៅអាជ្ញាធរមីន និងអង្គភាពពាក់ព័ន្ធ ក្នុងគោលបំណង ដើម្បីលើកប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវ។
៤៖ រៀបចំបញ្ចប់ និងអនុវត្ត ប្រព័ន្ធត្រួតពិនិត្យការ អនុវត្តវិស័យសកម្មភាពមីននៅកម្ពុជា (PMS)។
៥៖ រៀបចំសំណើសុំពន្យាពេល បោសសម្អាតមីននៅកម្ពុជា យោងតាមមាត្រាទី៥ នៃអនុញ្ញាអូតាវ៉ា នៅឆ្នាំ២០១៩។
៦៖ កំណត់ការស្រាវជ្រាវថ្មី ដើម្បីលើកកម្ពស់វិស័យសកម្មភាពមីននៅកម្ពុជា ដូចជាការវិភាគលើប្រសិទ្ធភាព នៃការចំណាយជាដើម។
៧៖ រៀបចំកម្មវិធី និងផែនការសកម្មភាព ក្នុងគោលដៅលើកកម្ពស់ កិច្ចសហប្រតិបត្តិការជាមួយ សហគមន៍ផ្តល់ជំនួយប្រតិបត្តិករសកម្មភាពមីន ដៃគូអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕