(ភ្នំពេញ)៖ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ក្នុងស្រុកពញាឮ ខេត្តកណ្តាល ដល់ធ្លាម្អម ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រវែង១៣៥,២៥ គីឡូម៉ែត្រ នឹងចាប់ផ្ដើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០១៨ ដែលនឹងប្រើរយៈពេល៤ឆ្នាំ ត្រូវចំណាយទឹកប្រាក់ ២៤៦.៣៥លានដុល្លារ ជាឥណទានសម្បទាន ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ថ្លែងក្នុងពិធីចុះហត្ថលេខាលើ កិច្ចសន្យាសាងសង់នៃគំរោងធ្វើឲ្យប្រសើរឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ នាទីស្តីការក្រសួងសាធារណការទៀតថា កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម-ធ្លាម្អមនេះ មានសារៈសំខាន់ណាស់សម្រាប់ ការដឹកជញ្ជូននៅក្នុងស្រុក ក៏ដូចជា ការតភ្ជាប់វិស័យដឹកជញ្ជូន ក្នុងបណ្តាប្រទេស ជាសមាជិកអាស៊ាន និងមហាអនុតំបន់មេគង្គ និងបានចាត់ទុកថា ជាផ្នែកមួយនៃផ្លូវអាស៊ាន ហាយវេលេខ១ (Asian Highway‌ 1) ប្រចាំតំបន់អាស៊ី។

លោកបន្តថា «យើងរំពឹងថា នឹងជួយបង្កើនសមត្ថភាពដឹកជញ្ជូនទាំងនៅក្នុងស្រុក និងនៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន ឲ្យកាន់តែមានប្រសិទ្ធិភាព ដោយនឹងរួមចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាយើងផងដែរ»

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ថ្លែងទៀតថា «កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម-ធ្លាម្អមនេះ ត្រូវអនុវត្តស្របតាមបទដ្ឋានបច្ចេកទេសសាងសង់ត្រឹមត្រូវ ដើម្បីធានាគុណភាពរឹងមាំ និងការប្រើប្រាស់ជាប់បានយូរ នឹងមានអាយុកាលរហូតដល់ទៅ១០-១២ឆ្នាំ ទើបយើងនឹងចាប់ផ្ដើមអ៊ុតមួយសារទៀត ដូចនេះសូមអំពាវនាវ ដល់ក្រុមហ៊ុន ដឹកទំនិញ សូមមេត្ដាជួយថែរក្សាទ្រព្យសម្បត្ដិជាតិយើងផង កុំដឹកលើសទម្ងន់ ដែលរាជរដ្ឋាភិបាលយើង បានខិតខំប្រឹងប្រែងស្វែងរក ជំនួយឥតសំណង ឬប្រាក់កម្ចៃ មានការប្រាក់ទាបបំផុត ដើម្បីជួយយកមកសាងសង់នេះ»

គួរបញ្ជាក់ថា គំរោងធ្វើឲ្យប្រសើរឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមដល់ក្រុងប៉ោយប៉ែត ប្រវែងសរុប៣៦៦គីឡូម៉ែត្រ ចំណាយថវិកាសរុបប្រមាណ ៥០០លានដុល្លារ ដោយក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA នឹងត្រូវបានបែងចែកជាបីកំណាត់រួមមាន៖

១៖ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែង ៨៤.៧៤ គីឡូម៉ែត្រ ដែលបាន និងកំពុងអនុវត្តក្រោមកញ្ចប់សាងសង់ចំនួនពីរ ហើយនឹងចំណាយទឹកប្រាក់សាងសង់ប្រមាណ១៤៣.០៤លានដុល្លារ ដោយប្រើរយៈពេលសាងសង់៣ឆ្នាំ។ គម្រោងនេះ បាននិងកំពុងដំណើរការសាងសង់ហើយសម្រេចបាន ៨.៤៦% នៃផែនការ គិតត្រឹមថ្ងៃទី៥ ខែ មករា ឆ្នាំ២០១៨។

២៖ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) មានប្រវែង១៣៥.២៥ គីឡូម៉ែត្រ នឹងត្រូវអនុវត្តក្រោមកញ្ចប់សាងសង់ចំនួនបី ដោយនឹងចំណាយទឹកប្រាក់សាងសង់ប្រមាណ២៤៦.៣៥ លានដុល្លារ និងត្រូវការរយៈពេល៤ឆ្នាំ សម្រាប់ដំណើរការសាងសង់។

៣៖ កំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល និងបញ្ចប់ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) មានប្រវែងសរុប១៤៦.០៤ គីឡូម៉ែត្រ ដែលបានបញ្ចប់ការសិក្សាលម្អិតរួចរាល់ហើយនោះ ក៏នឹងត្រូវដាក់ឲ្យដេញថ្លៃសាងសង់ក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ។

វិសាលភាពនៃគំរោងធ្វើឲ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-ប៉ោយប៉ែត)រួមមាន៖

* ការពង្រីកកំណាត់ផ្លូវជាតិដែលមានស្រាប់ពី២គន្លង ទៅ៤គន្លង មានទទឹងសរុប២៣ម៉ែត្រ មានប្រវែងសរុប៣០៤គីឡូម៉ែត្រ ដោយក្រាលជំនួសដោយកៅស៊ូ AC (Asphalt Concrete) និងមានសួនច្បារកណ្តាល

* ការសាងសង់ផ្លូវវាងក្រុងសរុបចំនួន៥ខ្សែ មានប្រវែងសរុប៦២គីឡូម៉ែត្រ មាន៤គន្លង មានទទឹង២៣ម៉ែត្រ និងមានសួនច្បារកណ្តាល

* ការសាងសង់ឡើងវិញ ការពង្រីកស្ពានចាស់ និងការសាងសង់ស្ពានថ្មី ដែលស្ថិតក្នុងកំណាត់ផ្លូវជាតិលេខ៥ មានចំនួនសរុប៨០កន្លែង៕