(ភ្នំពេញ)៖ លោក លី ខឺឈាង នាយករដ្ឋមន្ដ្រីចិន នឹងដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង០២៖៤៥នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់ មេគង្គ-ឡានឆាង លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយផ្តើមឡើងនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ថា សម្រាប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នឹងចាប់ផ្តើមឡើងនៅវិមានសន្តិភាព នៅ៤៖០០រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាន។
កិច្ចប្រជុំនេះ ក៏នឹងមានការអញ្ជើញចូលរួមពី លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ លោក មិន ស្វេ អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។
កិច្ចប្រជុំកំពូលថ្នាក់តំបន់នេះ នឹងធ្វើឡើងក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្ត ក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ៕