(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយនាយករដ្ឋមន្ដ្រីវៀតណាម លោក ង្វៀន សួនហ៊្វុក នៅវិមានសន្ដិភាព មុនពេលកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២។
ក្រៅពីការសំណេះសំណាល និងពិភាក្សារការងារនេះ សម្ដេចតេជោ ហ៊ុន សែន នឹងពិសារអាហារថ្ងៃត្រង់ ជាមួយ លោកនាយករដ្ឋមន្ដ្រីវៀតណាមផងដែរ។
សូមជម្រាបថា តាមការគ្រោងទុក នៅវេលាម៉ោង១៤៖០០នាទីរសៀល សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាការងារ ជាមួយលោក ប្រាយុទ្ធ ចន្ទអូចា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រីនៃប្រទេសថៃ។ លុះនៅវេលាម៉ោង១៤៖៤០នាទីរសៀល សម្តេចតេជោ ហ៊ុន សែន នឹងជួបជាមួយអនុប្រធានាធិបតី នៃប្រទេសមីយ៉ាន់ម៉ា លោក Myint Swe។