(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ មានមេដឹកនាំនៃប្រទេសមេគង្គ-ឡានឆាង ចំនួន២រូបហើយ បានមកដល់ ប្រទេសកម្ពុជា ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់ មេគង្គ-ឡានឆាង លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ។
មេដឹកនាំទាំង២រូបនោះគឺ ទី១៖លោក មៀន ស្វេ អនុប្រធានាធិបតីមីយ៉ាន់ម៉ា បានអញ្ជើញមកដល់កម្ពុជា នៅម៉ោង១១៖២៥នាទី ថ្ងៃទី០៩ ខែមករា ម្សិលមិញ នៅខេត្តសៀមរាប ហើយលោកនឹងមកដល់រាជធានីភ្នំពេញនៅថ្ងៃត្រង់នេះ និងទី២៖ គឺលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ដ្រីវៀតណាម ដែលបានមកដល់កម្ពុជា នៅវេលាម៉ោង១១៖៥០នាទីព្រឹក ថ្ងៃទី១០ ខែមករានេះ ផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នឹងចាប់ផ្តើមឡើង នៅម៉ោង០៤៖០០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព ដោយមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាន។ កិច្ចប្រជុំនេះ ក៏នឹងមានការអញ្ជើញចូលរួមពី លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ លោក មិន ស្វេ អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។
កិច្ចប្រជុំកំពូលថ្នាក់តំបន់នេះ នឹងធ្វើឡើងក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្ត ក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ៕