(ភ្នំពេញ)៖ នៅដើមខែមករា ឆ្នាំ២០១៨នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនចំនួន៥ ដើម្បីបើករោងចក្រ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រោមទុនវិនិយោគជិត៤០លានដុល្លារ និងបង្កើតការងារថ្មីជាង៤ពាន់កន្លែង។
ក្រុមហ៊ុនទាំង៥ដែលទើបត្រូវបាន CDC ចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរនោះរួមមាន៖
១៖ ក្រុមហ៊ុន RED BOAT ENTERPRISE CO., LTD: គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ និងកែឆ្នៃម្ហូបអាហារ (ត្រី Anchovies ទឹកត្រី និងស្ករត្នោត ), មានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ២.៨៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨៤កន្លែង។
២៖ ក្រុមហ៊ុន GLOBAL HOUSE (CAMBODIA) CO., LTD: គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម, មានទីតាំងវិនិយោគស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,០០០កន្លែង។
៣៖ ក្រុមហ៊ុន METRO LIFESTYLE DEVELOPMENT CO., LTD: គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម, មានទីតាំងវិនិយោគស្ថិតនៅភូមិមណ្ឌល II សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប,មានទុនវិនិយោគប្រមាណ ១៩.៤៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣៥កន្លែង។
៤៖ ក្រុមហ៊ុន SANYO PACKAGE ASIA (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតផលិតផលពីក្រដាស, មានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៤២ ភូមិលំ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, មានទុនវិនិយោគប្រមាណ ២.២២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៦កន្លែង។
៥៖ ក្រុមហ៊ុន GRAND ORIENTAL FOOTWEAR INTERNATIONAL CO., LTD: គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤.៥១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥៧៥កន្លែង។
សូមជម្រាបថា ដោយសារប្រទេសកម្ពុជា មានស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ល្អ រួមទាំងបរិយាកាសវិនិយោគកាន់តែល្អប្រសើរនោះ បានជំរុញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស បង្កើនការវិនិយោគនៅកម្ពុជា តាមរយៈការបើករោងចក្រថ្មីៗជាច្រើនកន្លែង ដែលបង្កើតការងារជូនពលរដ្ឋខ្មែរកាន់តែច្រើនផងដែរ៕