(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ បានរៀបចំ កម្មវិធីបទបង្ហាញ ស្ដីពី លទ្ធផលស្រាវជ្រាវ៖ មរតកវប្បធម៌រូបីនិងអរូបី នៅតំបន់ឧទ្យាន រាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ដើម្បីចែករំលែកបទពិសោធន៍គ្នា ពីការស្រាវជ្រាវមរតកវប្បធម៌កន្លងមក ដែលរៀបចំធ្វើឡើង នៅរាជបណ្ឌិត្យសភាកម្ពុជា។
បទបង្ហាញខាងលើនេះ មានការអញ្ជើញចូលរួមពី លោកបណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា តំណាងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា និងវាគ្មិនជាច្រើនរូបទៀត។
លោកបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន បានឲ្យដឹងថា បទបង្ហាញនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវបឋម នៃគម្រោងស្រាវជ្រាវ ស្ដីពី លទ្ធផលស្រាវជ្រាវ៖ មរតក វប្បធម៌រូបីនិងអរូបី នៅតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ដែលទើបសិក្សាស្រាវជ្រាវរកឃើញថ្មីៗ ព្រមទាំងក្នុងគោលបំណង ឲ្យមានការជួបជុំ អ្នកជំនាញវប្បធម៌ ដែលជាអ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិ ដើម្បីចែករំលែកបទពិសោធន៍គ្នា ពីការស្រាវជ្រាវមរតកវប្បធម៌កន្លងមក។
លោកបណ្ឌិត បន្ដទៀតថា តំបន់ឧទ្យាននោះ ដើមឡើយមានការសិក្សាស្រាវជ្រាវខ្លះៗ ដោយអ្នកស្រាវជ្រាវខ្មែរ និងបរទេស ហើយក្រោយមកលោកបណ្ឌិត ធុយ ចាន់ធួន ក៏បាន សិក្សាស្រាវជ្រាវរកឃើញស្ថានីយ៍ឡស្លដែកមួយចំនួន តែតំបន់នោះ នៅមានសក្ដានុពលមរតកវប្បធម៌រូបីនិងអរូបីជាច្រើនទៀត ដែលមានវិសាលភាពធំទូលាយ តម្រូវឲ្យមានការសិក្សា ស្រាវជ្រាវស៊ីជម្រៅ បែបវិទ្យាសាស្ដ្របន្ថែមទៀត។
លោកបណ្ឌិត នូ ចាន់សុភី បានឲ្យដឹងថា មរតកវប្បធម៌រូបី៖ ក្រុមស្រាវជ្រាវមរតកវប្បធម៌រូបី បានរុករកឃើញ ស្ថានីយ៍បុរាណចំនួន១២៤ ក្នុងនោះ សន្លុងចំនួន៤៣ ត្រពាំងសន្លុង ចំនួន១៧ ត្រពាំងចំនួន៦៤ និងបុរាណវត្ថុមួយចំនួនដូចជា កុលាលភាជន៍ ត្រឡែកតូច ត្រឡែកធំ និងឧបករណ៍ធ្វើពីដែក មានផ្លែចបជីកចំនួន១ ផ្លែដឹងចំនួន១០ ចង្កំដងកាំបិតចំនួន៤ ដងកាំបិត១ និងដែកគោល២។
ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ បានថ្លែងបញ្ជាក់ថា «ភស្ដុតាងបុរាណវត្ថុដែលរកឃើញទាំងអស់ យើងអាសន្និដ្ឋានជាបឋមថា ឧទ្យានឬស្សីត្រឹប ជាអតីតតំបន់ផលិត ដែកមួយ ក្នុងសម័យអង្គរ ចាប់ពីសតវត្សទី១១ ដល់សតវត្សទី១៣»។
លោកថា ដោយឡែក មរតកវប្បធម៌អរូបី៖ នៅក្នុងតំបន់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានជនជាតិកួយ ដែលជាជនជាតិភាគតិចនៅកម្ពុជា បច្ចុប្បន្នបានរស់នៅជាយូរ មកហើយ ដោយប្រកបមុខរបរចិញ្ចឹមជីវិតធ្វើចម្ការដាំស្រូវ (ហៅចម្ការវិលជុំ) ការបរបាញ់សត្វព្រៃ ការរកអនុផលព្រៃឈើ ការច្បោះជ័រ យកមកធ្វើចន្លុះជាដើម។ មានមរតកវប្បធម៌ អរូបីចំនួនបី ដែលត្រូវមានស្រាវជ្រាវបន្ដទៀតគឺ ដើមខ្នែងការច្បោះជ័រ និងវាយខែល។
សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប មានទីតាំងស្ថិត ក្នុងឃុំឆែប១ និងឃុំឆែប២ ខេត្តព្រះវិហារ មានផ្ទៃដីសរុបចំនួន ១១,៤៣៥ហិចតា ត្រូវបានបង្កើតឡើង ដោយព្រះរាជក្រឹត្យនៅឆ្នាំ២០១៤៕