(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ថា ក្នុងឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប៥.៦លាននាក់ កើនឡើង១១.៦ភាគរយ។
លោករដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំងនោះ ទេសចរចិនមានជាង១.២លាននាក់ កើនឡើង ៤៦ភាគរយ ឈរលើលំដាប់លេខ១។
លោកបានបន្តទៀតថា មានក្រុមហ៊ុនអាកាសចរណ៍ចំនួន១៥ក្រុមហ៊ុន (កម្ពុជាមាន៣ក្រុមហ៊ុន និងចិនមាន១២ក្រុមហ៊ុន) ដែលបានធ្វើប្រតិបត្តិការហោះហើរទៀងទាត់ (scheduled flights) ភ្ជាប់កម្ពុជា-ចិនចំនួន១៥៥ជើង ក្នុងមួយសប្ដាហ៍ (មិនទាន់គិតជើងហោះហើរពិសេស-Charter flights ប្រមាណ៥០ជើងទៀត ក្នុងមួយសប្តាហ៍) ទាំងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុផងដែរ។
សូមជម្រាបថា ឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ ដែលកើនឡើងជារៀងរាល់ឆ្នាំ ពិសេសនៅទឹកដីអង្គរដ៏អច្ឆិរិយៈរបស់កម្ពុជា រាជរដ្ឋាភិបាលបានសាងសង់ព្រលានយន្តហោះថ្មីមួយទៀត នៅខេត្តសៀមរាប។
ព្រលានយន្តហោះថ្មីនេះ រាជរដ្ឋាភិបាលបានផ្តល់ឲ្យក្រុមហ៊ុនចិនជាអ្នកវិនិយោគក្រោមកិច្ចសន្យា៥៥ឆ្នាំ ដែលមានទឹកប្រាក់វិនិយោគប្រមាណ៩០០លានដុល្លារ សាងសង់នៅលើផ្ទៃដី៧០០ហិកតា ក្នុងស្រុកសូត្រនិគមន្ត ចម្ងាយ៥០គីឡូម៉ែត្រពីក្រុងសៀមរាប។
ព្រលានយន្តហោះថ្មីនេះ គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៨ ហើយគម្រោងប្លង់ស្ថាបត្យកម្ម អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទេស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ស្អែកនេះ៕
ជម្រើសគម្រោងប្លង់ស្ថាបត្យកម្ម ព្រលានយន្តហោះអន្តរជាតិ សៀមរាបអង្គរថ្មីចំនួន៤ ដែលរាជរដ្ឋាភិបាលនឹងសម្រេចជ្រើសយកមួយ ដើម្បីចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីចិននៅកម្ពុជា