(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ប្រកាសទទួលស្គាល់ប្រធានកិតិ្តយស និងសមាជិកកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត ក្រុង ស្រុក និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជន ក្នុងខេត្តបាត់ដំបង។
ពិធីនេះបានប្រព្រឹត្តទៅ នៅសាលមហោស្រពស្ទឹងសង្កែ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពី អភិបាលខេត្ត ថ្នាក់ដឹកនាំសមាគមខេត្ត ក្រុង ស្រុក សាខាឃុំ សង្កាត់ និងអតីតយុទ្ធជនជាសមាជិកសមាគម មកពីក្រុង ស្រុកទាំង១៤ក្នុងខេត្ត សរុបចំនួន៤០៧នាក់។
យោងតាមសេចក្តីសម្រេចរបស់សមាគមអតីតយុទ្ធជនកម្ពុជា នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើការប្រកាសទទួលស្គាល់ លោក ងួន រតនៈ អភិបាលខេត្ត ជាសមាជិកគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានកិត្តិយសសមាគមខេត្ត និងទទួលស្គាល់លោកឧត្តមសេនីយ៍ អ៊ុច សុខុន ស្នងការនគរបាលខេត្ត ជាអនុប្រធានសមាគមខេត្តបាត់ដំបង ព្រមទាំងទទួលស្គាល់ប្រធានកិត្តិយស ក្រុង ស្រុក១២នាក់ និងសមាជិកកិត្តិយស៧៥នាក់។
នាយឧត្តមសេនីយ គន់ គីម បានស្នើឲ្យបងប្អូនអតីតយុទ្ធជនម្នាក់ៗ រៀបចំសរសេរ និងចងក្រងប្រវត្តិសង្ខេបរបស់ខ្លួនគ្រប់ៗគ្នា ផ្តោតលើស្នាដៃសកម្មភាពការងារ និងការតស៊ូប្រយុទ្ធលើសមរភូមិ រហូតក្លាយជាជនពិការ បាត់បង់សមត្ថភាពការងារ ឬចូលនិវត្តន៍ ជាដើមដើម្បីដំកល់ទុកជាឯកសារសម្រាប់កូនចៅជំនាន់ក្រោយ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍អគ្គលេខាធិការ បានណែនាំឲ្យថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ ពិសេសស្រុក ក្រុង ឃុំ សង្កាត់ នៅពេលបងប្អូនណាម្នាក់មរណភាព ត្រូវរៀបចំក្រុមការងារចម្រុះដោយចលនាបងប្អូនអតីតយុទ្ធជនក្នុងឃុំ មកចូលរួមចាត់ចែងពិធីបុណ្យសព និងរៀបចំកម្មវិធីគោរពវិញ្ញាណក្ខ័ន្ធមានអានវិយោគកថា អានលិខិតចូលរួមមរណទុក្ខ របស់ខេត្ត ស្រុក និងសមាគម ជាការផ្តល់កិត្តិយសឲ្យសក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងរបស់វីរៈយុទ្ធជន។
អគ្គលេខាធិការូបនេះ បានគូសបញ្ជាក់ថា ដោយមើលឃើញពីគំរូលះបង់ខ្ពស់របស់បងប្អូន ក្នុងបុព្វហេតុជាតិ និងប្រជាជននោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់មេដាយការពារជាតិ ជូនអតីតយុទ្ធជនទាំងអស់នៅទូទាំងប្រទេស ដែលបច្ចុប្បន្នកំពុងរស់នៅតាមមូលដ្ឋាន។
សូមបញ្ជាក់ថា អតីតយុទ្ធជនទាំង២០០នាក់ ដែលត្រូវបាននាយឧត្តមសេនីយ៍ គន់ គីម បំពាក់មេដាយការពារជាតិ ជូននាពេលនេះរួមមាន ថ្នាក់មាសចំនួន៦នាក់ ថ្នាក់ប្រាក់ចំនួន៧៥នាក់ និងថ្នាក់សំរិទ្ធ ចំនួន១១៩នាក់។
ជនពិការ ផង់ វ័យ អតីតមេបញ្ជាការរងកងពលលេខ៥៣ ប្រចាំនៅកំរៀង បានសម្តែងនូវក្តីរំភើបរីករាយរកអ្វីប្រៀបមិនបាន ដោយទទួលបានមេដាយមាស ការពារជាតិ ហើយសូមសាទរ ចំពោះចំណាត់ការថ្មីរបស់សមាគមនេះ ដែលពីមុនមកពុំដែលមាន។ អតីតនាយទាហានជាន់ខ្ពស់ រូបនេះបញ្ជាក់ថា មនុស្សយើងម្នាក់ៗ ត្រូវតែសរសេរទុកនូវប្រវត្តិស្នាដៃ និងបទពិសោធន៍របស់ខ្លួនឲ្យកូនចៅ ដឹងថាឪពុក ម្តាយ ឬ ជីតាខ្លួន មានគុណបំណាច់យ៉ាងណាខ្លះ ចំពោះជាតិនិងប្រជាជន? លោកថា «ពួកខ្ញុំពិតជាបិទភ្នែកជិតហើយ ព្រោះដឹងថាពេលស្លាប់ ត្រូវបានសមាគម និងអាជ្ញាធរផ្តល់កិត្តិយស សម្រាប់ជីវិតចុងក្រោយរបស់ខ្ញុំ»។
តាមរយៈនាយឧត្តមសេនីយ៍ គន់ គីម អតីតយុទ្ធជនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តយកដាក់ និងគិតគូរជានិច្ចដល់សុខទុក្ខអតីតយុទ្ធជន៕