(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ បើកសវនាការជំនុំជម្រះរឿងក្តីរបស់ជនជាប់ចោទ គឹម សុខ ដែលបានប្តឹងជំទាស់ ទៅនឹងការសម្រេចរបស់តុលាការក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍ (សំណុំរឿងអង្គសេចក្តី) ពាក់ព័ន្ធនឹងសំណុំរឿងចោទ គណបក្សប្រជាជនកម្ពុជា សម្លាប់បណ្ឌិត កែម ឡី។ នេះយោងតាមដីកាកោះហៅជនជាប់ចោទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែមករានេះ ។
សវនាការនេះ ដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ ។
សូមបញ្ជាក់ថា លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេចដូចគ្នាគឺឱ្យជាប់ពន្ធនាគារ គារចំនួន១៨ខែ ពិន័យជាប្រាក់ចំនួន៨លានរៀល និងសងសំណងជំងឺចិត្តដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ជាដើមបណ្ដឹងរដ្ឋប្បវេណី ចំនួន៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ» តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយសម្តេចតេជោដូចគ្នា គឺពាក់ព័ន្ធការដែលលោក គឹម សុខ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ៕