(ប៉េកាំង-ចិន)៖ ក្រោយពីបានទស្សនាខ្សែវីដេអូប្រវត្តិសាស្រ្ត «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍» ដែលត្រូវចាក់បញ្ចាំងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣៩ នៃទិវាជ័យជម្នះ ៧មករា នៅរដ្ឋធានីប៉េកាំងរួចមក យុវជន-និស្សិតកម្ពុជា ដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន បានយល់យ៉ាងច្បាស់អំពីរឿងពិតនៃប្រវត្តិជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរំដោះប្រទេសជាតិពីរបបដ៏ខ្មៅងងឹតមួយនេះ។ នេះបើតាមលោក អ៊ុំ វុទ្ធទី ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន។
លោកប្រធានសមាគមបានថ្លែងប្រាប់សារព័ត៌មាន Fresh News នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នេះថា ដោយទឹកចិត្តស្រឡាញ់ និងគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា យុវជន-និស្សិតកម្ពុជាកំពុងសិក្សានៅរដ្ឋធានីប៉េកាំង និងទីក្រុងធានជីង នៃសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជ័យជម្នះ ៧មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា។
ពិធីអបអរសាទរនេះ គឺរៀបចំឡើងក្រោមអធិបតីភាពលោក អ៊ុក ភាង ទីប្រឹក្សានៃស្ថានឯកអគ្គរាជទូតកម្ពុជា និងមានការចូលរួមពីសំណាក់មន្ត្រី នៃស្ថានឯកអគ្គរាជទូតកម្ពុជា មានដូចជា លោកស្រី ស៊ូ ចាន់ណារី លេខធិការទី១ លោក សុស សុវណ្ណនី លេខាធិការទី២ លោក មឿង វាសនា អនុព័ន្ធទទួលបន្ទុកគណនេយ្យ និងលោក យ៉ង់ ច័ន្ទគិរី ជំនួយការអនុព័ន្ធយោធា។
ការប្រារព្ធឡើងលើកដំបូងនៃពិធីអបអរសាទរ ទិវាជ័យជន្នះ ៧មករា នៅរដ្ឋធានីបេកាំង ត្រូវបានរៀបចំដឹកនាំដោយសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដែលមានលោក ហេង ជិនហាក់ ជាប្រធានក្រុមប្រឹក្សាសមាគម និងមានការចូលរួមសហការពីសមាជិកនៃក្រុមការងារយុវជនគណបក្ស ព្រមទាំងនិស្សិតដែលសិក្សានៅក្នុងពីរតំបន់ខាងនេះផងដែរ។
លោក អ៊ុក ភាង បានលើកឡើងអំពីរឿងរ៉ាវអំពីជីវិតទុកវេទនា លំបាកលំបិន អត់ស៊ីអត់ឃ្លាន និងទារុណកម្មយ៉ាងព្រៃផ្សៃ ក្នុងរបបប្រល័យពូជសាសន៍របស់ឃាតករ ប៉ុល ពត ដល់យុវជន-និស្សិតកម្ពុជាដែលកំពុងសិក្សានៅរដ្ឋធានីប៉េកាំង និងធានជីង។ ទន្ទឹងគ្នានោះ លោកទីប្រឹក្សាបានសង្កត់ធ្ងន់ចំពោះគុណូបការៈ ដែលមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិពីរបបតិរច្ឆានមួយនេះ។
លោកបានផ្តាំផ្ញើទៅយុវជន-និស្សិតជំនាន់ក្រោយ ត្រូវតែចងចាំនូវស្នាដៃដ៏ធំធេងរបស់សម្តេច ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន សម្តេចចក្រី ហេង សំរិន និងឥស្សរជនផ្សេងៗទៀតរបស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីសង្គ្រោះកម្ពុជាពីរបបឃោរឃៅរបស់ ប៉ុល ពត ហើយនឹងបន្តគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលបន្តដឹកនាំកម្ពុជាប្រកបដោយសន្តិភាព និងការអភិវឌ្ឍ។
លោក អ៊ុំ វុទ្ធទី បានលើកឡើងថា ដោយសារតែការទឹកចិត្តគោរពស្រឡាញ់គាំទ្រ និងដឹងគុណយ៉ាងធំធេង ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ទើបយុវជន-និស្សិតបានចូលរួម និងរៀបចំពិធីអបអរទិវាជ័យជម្នះ ៧មករា នេះឡើង។
លោកបានបន្តថា ក្រោយពីបានទស្សនាខ្សែវីដេអូប្រវត្តិសាស្រ្ត «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍» ដែលត្រូវចាក់បញ្ចាំងនៅក្នុងពិធីរួចមក យុវជន-និស្សិតបានយល់យ៉ាងច្បាស់ អំពីរឿងពិតនៃប្រវត្តិជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីប្រយុទ្ធប្រឆាំងក្នុងការរំដោះប្រទេស និងសង្គ្រោះជាតិពីរបបដ៏ខ្មៅងងឹតមួយនេះ។
លោក អ៊ុំ វុទ្ធទី បានឲ្យដឹងថា យុវជន-និស្សិតដែលកំពុងសិក្សានៅតាមខេត្តមួយចំនួន ក្នុងប្រទេសចិន ក៏មានមានការរៀបចំពិធីអបអរទិវាជ័យជម្នះ ៧មករា ដូចជា ខេត្តក្វាងស៊ី និងខេត្តយូណានជាដើម។
បច្ចុប្បន្ននេះ និស្សិតកម្ពុជាកំពុងនៅចិនប្រមាណជាង១,១០០នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា (ជាង៨០០នាក់ជាសមាជិកថ្មី)។ និស្សិតកម្ពុជានៅចិន នៅតែបន្តគាំទ្រយ៉ាងពេញទំហឹង និងបោះឆ្នោតគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍ដឹកនាំប្រទេសជាតិដ៏ប៉ិនប្រសប់។
សូមជម្រាបថា ខ្សែវីដេអូប្រវត្តិសាស្រ្ត «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍» ត្រូវបានចាក់បញ្ចាំងជាផ្លូវការ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ដែលទទួលបានគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ពិសេសប្រជាពលរដ្ឋដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម៕