(ព្រះវិហារ)៖ នៅទី៩ ខែមករា ឆ្នាំ២០១៨ លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណកម្មការទទួលបន្ទុកទំនាក់ទំនងអន្តរជាតិរបស់រាជរដ្ឋាភិបាល បានដឹកនាំប្រតិភូចុះត្រួតពិនិត្យការអនុវត្តផែនការភូមិស គ្មានគ្រឿងញៀន ដែលបានអនុវត្តនៅភូមិអានសេះ និងឈើទាលគង ដោយមានការចូលរួមពីតំណាងក្រសួងការពារជាតិ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ស្រុកជាំក្សាន ឃុំជាំក្សាន និងអ្នកពាក់ព័ន្ធភូមិអានសេះ ឈើទាលគង ។
ក្នុងឱកាសនោះ លោក កៅ ខុនដារ៉ា បានថ្លែងការកោតសើរនិងលើកទឹកចិត្តដល់អ្នកពាក់ពន្ធ័ដែលបានរួមគ្នាខិតខំអនុវត្តការងារតាមផែនការដែលបានដាក់ចុះនិងបានណែនាំឲ្យអ្នកពាក់ព័ន្ធខិតខំអនុវត្តនូវផែនការសកម្មភាពនេះបន្ថែមទៀតដើម្បីប្រែក្លាយភូមិទាំងពីរក្លាយជាភូមិគំរូគ្មានគ្រឿងញៀនសម្រាប់ពង្រីកបន្តទៅបង្កើតភូមិសនៅភូមិដទៃទៀតជាប់ព្រំដែនកម្ពុជា ថៃ ។
ជាមួយគ្នានេះ លោក កៅ ខុនដារ៉ា បានបន្ថែមថា ការបង្កើតភូមិសគ្មានគ្រឿងញៀននេះគឺជាជញ្ជាំងដ៏រឹងមាំសម្រាប់ទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែន ។
ក្នុងឱកាសនោះដែរ លោក កៅ ខុនដារ៉ា បានចែកនូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនមន្រ្តីនគរបាលចំនួន២០រូបដែលបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសគ្រឿងញៀនតាមប្រព័ន្ធកុំព្យួទរ័ (eLearning) ដែលកម្មវិធីបណ្តុះបណ្តាលរបស់ការិយាល័យគ្រឿងញៀន និងឧក្រឹដ្ឋកម្មសហប្រជាជាតិ (UNODC)៕